សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានចេញសេចក្តីណែនាំទាក់ទងការបន្តពន្យារមិនគួរធ្វើដំណើរក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដល់ប្រជាជនកូរ៉េរបស់ខ្លួន ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញនៅព្រឹកថ្ងៃសុក្រនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានណែនាំនេះ ក្រសួងការបរទេសកូរ៉េណែនាំឱ្យប្រជាជនខ្លួនផ្អាក ឬលុបចោលការធ្វើដំណើរទៅក្រៅប្រទេសបន្តរហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ២០២០ ខាងមុខ ខណៈការណែនាំកន្លងមក កាលពីថ្ងៃទី១៩ ខែកញ្ញា អំពីការផ្អាក និងលុបចោលការធ្វើដំណើរទៅក្រៅប្រទេសនឹងត្រូវផុតកំណត់នៅថ្ងៃអាទិត្យសប្តាហ៍នេះ។
ក្នុងខ្លឹមសារនៃសេចក្តីណែនំាអំពីការបន្តផ្អាក ឬលុបចោលការធ្វើដំណើរនេះ គឺដោយសារស្ថានភាពនៃជម្ងឺកូវីដ-១៩ នៅទូទាំងសាកលលោក ដែលតម្រូវឱ្យប្រទេសជាច្រើនបន្តដាក់ចេញនូវការហាមឃាត់ការធ្វើដំណើរ និងការហោះហើរចូលក្នុងប្រទេសរបស់ខ្លួន ខណៈដែលប្រទេសកូរ៉េផ្ទាល់ក៏ត្រូវព្យាយាមទប់ស្កាត់មិនឱ្យពលរដ្ឋខ្លួនឆ្លងនូវជម្ងឺកូវីដ-១៩ តាមរយៈការធ្វើដំណើរផងដែរ។
ក្នុងនោះដែរ ក្រសួងក៏បានបន្តណែនាំឱ្យពលរដ្ឋរបស់ខ្លួនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យ ចៀសវាងការជួបជុំ និងសកម្មភាពនៅទីសាធារណៈដែលមានលក្ខណៈធំៗនានា និងជាពិសេសកាត់បន្ថយសកម្មភាពជួបផ្ទាល់ជាមួយអ្នកដទៃទៀត។
នៅព្រឹកថ្ងៃសុក្រនេះ កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៤៧ ករណី ក្នុងនោះ ៤១ ករណីជាករណីឆ្លងក្នុងស្រុក ខណៈ ៦ ករណីផ្សេងទៀតជាករណីឆ្លងនាំចូលពីខាងក្រៅ។ បច្ចុប្បន្នករណីឆ្លងសរុបនៅកូរ៉េខាងត្បូងមាន ២៥០៣៥ ករណី។
