សារព័ត៌មាន Thmey Thmey៖ តាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ខ្លួន អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីតួលេខវិជ្ជមាននៃចំណូលពន្ធ-អាករសម្រាប់៣ត្រីមាសដំបូងឆ្នាំ២០២០នេះ ដែលមានចំនួន៩ ០១៥.០៨ប៊ីលានរៀល ប្រមាណ២ ២២៥.៩៥លានដុល្លារអាមេរិក ដោយកើន៣.៧១ភាគរយ បើប្រៀបធៀបកាលពីឆ្នាំ២០១៩ ដែលមាន ២១៨៣,៦៨លានដុល្លារអាមេរិក។
បើទោះបីជាចំណូល៩ខែដើមឆ្នាំ សម្រេចបាន៧៨.១០ភាគរយនៃផែនការប្រចាំឆ្នាំក៏ដោយ ប៉ុន្តែកាលពីខែកញ្ញា កន្លងមក ចំណូលបានថយចុះ១៨.៧៥ភាគរយ ប្រើប្រៀបធៀបទៅនឹងខែកញ្ញា ឆ្នាំមុន។ ក្នុងខែកញ្ញា ឆ្នាំ២០២០ នេះ អគ្គនាយកពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទចូលជាតិ បានត្រឹម២៧៤.២០ប៊ីលានរៀល (ប្រមាណ១៨៦.២២លានដុល្លារ) ប៉ុណ្ណោះ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលពន្ធប្រចាំខែកញ្ញានិងត្រីមាសទី៣ ឆ្នាំ២០២០ តាមប្រព័ន្ធអ៊ីនធ័រណិត បានមានប្រសាសន៍ថា ឥទ្ធិពលនៃការររីករាលជំងឺកូវីដ-១៩ បានបង្ហាញនូវសញ្ញានិងផលអវិជ្ជមាន លើចំណូលពន្ធ ជាពិសេសប្រភេទពន្ធ និងវិស័យសំខាន់ៗក្នុងត្រីមាសទីបីនេះ។

ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ដល់ការប្រមូលពន្ធ ប្រតិភូរដ្ឋាភិបាលទទួលបន្ទយកជាអគ្គនាយកពន្ធដាររូបនេះ បានក្រើនរម្លឹក ដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ថា៖«ទោះបីជាមាន ផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច ពីការជះឥទ្ធិពលនៃជំងឺកូវីដ-១៩ ក៏ដោយ អគ្គនាយកពន្ធដារត្រូវបន្តពង្រឹងផែនការសកម្មភាពបន្ថែម និងបន្តពង្រឹងវិធានការអន្តរាគមន៍បន្ទាន់រដ្ឋាភិបាល ដើម្បីទ្រទ្រង់វិស័យទេសចរណ៍, វិស័យអាកាសចរ, វិស័យកសិកម្ម និងការចិញ្ចឹមសត្វ, វិស័យកាម្មន្តសាល និងការអន្តរាគមន៍នានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច»។
លោក បានដាក់ចេញវិធានមួយចំនួនដល់មន្ត្រីក្រោមឱវាទឱ្យអនុវត្តដើម្បីធានានូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលពន្ធ ដើម្បីឈានសម្រេចតាមផែនការ។ វិធានមួយចំនួនសម្រាប់មន្ត្រីពន្ធដារអនុវត្តដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់ក្នុងការប្រមូលពន្ធនោះ មាន៖ ត្រូវបន្តពង្រឹងការប្រមូលពន្ធអាករលើតម្លៃបន្ថែម។ ត្រូវបន្តផ្សព្វផ្សាយដល់អ្នកជាប់ពន្ធ និងបណ្តុះបណ្តាលមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ អំពីពន្ធលើប្រាក់ចំណេញមូលធន ដែលនឹងចាប់អនុវត្តពីខែមករា ឆ្នាំ២០២១ តទៅ។
ត្រូវជំរុញការប្រមូលពន្ធ លើវិស័យដែលមានសន្ទះខ្លាំងក្នុងវិបត្តិកូវីដ-១៩ នៅមានសក្កានុពល។ ត្រូវបន្តជំរុញគ្រប់គ្រងប្រមូលនបំណុលពន្ធ ដើម្បីធានាបាននូវការតម្លាភាពនៃការបង់ពន្ធ បន្ទាប់ពីការកំណត់ពន្ធផ្សេងៗ។ ត្រូវជំរុញ និងពន្លឿនការអនុវត្តការងារចុះបញ្ជីងអាជីវកម្មតាមថ្នាលតែមួយ និង បន្តពង្រឹង បណ្តុះបណ្តាលនូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) ជាដើម៕
ខ្លឹមសារអត្ថបទទាំងស្រុង៖ សារព័ត៌មាន Thmey Thmey
