សេអ៊ូល៖ ករណីនាំចូលកូវីដ-១៩ ពីខាងក្រៅនៅតែជាបញ្ហាប្រឈមខ្ពស់សំរាប់ការប្រយុទ្ធប្រឆាំង និងកាត់បន្ថយជម្ងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
តាមទិន្នន័យរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះ ករណីនាំចូលពីក្រៅនៃជម្ងឺកូវីដ-១៩ មានចំនួន ៣៣ ករណី ក្នុងចំណោមករណីថ្មីសរុប ១០២ ករណីទូទាំងប្រទេស។ ករណីនាំចូលដល់ទៅ ៣៣ ករណីនេះ ជាតួលេខនាំចូលខ្ពស់ លើសពី ៣០ ករណី តាំងពីថ្ងៃទី ២៩ កក្កដា ដោយសារក្នុងពេលកន្លងមកករណីនាំចូលមានត្រឹមពីចន្លោះ ១០ ទៅ ២០ករណីប៉ុណ្ណោះ។
ក្នុងចំណោមករណីនាំចូលថ្មីទាំង ៣៣ ករណីនៅថ្ងៃនេះ មាន ១៤ ករណីមកពីប្រទេសរុស្ស៊ី ៥ ករណីមកពីប្រទេសជប៉ុន និង៤ករណីមកពីសហរដ្ឋអាម៉េរិក និងប្រទេសនេប៉ាល់។
ក្នុងនោះដែរ គួរឱ្យកត់សម្គាល់ ជនជាតិនេប៉ាល់ចំនួន ១១នាក់ ក្នុងចំណោម ៤៣ នាក់ ដែលបានចូលមកប្រទេសកូរ៉េដើម្បីរៀនភាសា ត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩។
កាលពីថ្ងៃចន្ទម្សិលមិញ កូរ៉េខាងត្បូងបានប្រកាសបន្ថយវិធានការគម្លាតសង្គមរបស់ខ្លួន មកកម្រិតទី១វិញ ជាកម្រិតទាបជាងគេ ក្រោយពីការគ្រប់គ្រងទៅលើករណីឆ្លងថ្មីនៃជម្ងឺកូវីដ-១៩ ហាក់មានភាពល្អប្រសើរច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារនេះ ករណីសរុបមានសរុបដល់ ២៤៨០៥ ករណី បើតាមការរាយការណ៍ពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូរ៉េ។