កូរ៉េខាងត្បូងបន្ធូរបន្ថយការអនុវត្តវិធានការគម្លាតសង្គម ខណៈអាជីវកម្មដែលបានហាមឃាត់ជាច្រើនមុខកន្លងមក ត្រូវអនុញ្ញាតឱ្យដំណើរការវិញ

សេអ៊ូល៖ នៅព្រឹកថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមបន្ថយវិធានការគម្លាតសង្គមរបស់ខ្លួនមកកម្រិតទាបជាងគេវិញ ក្រោយពីចំនួននៃករណីឆ្លងកូវីដ-១៩ ថ្មីហាក់មានការថយចុះគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។

យោងទៅតាមសេចក្តីសម្រេចថ្មីនេះ ប្រទេសកូរ៉េខាងត្បូងបន្ថយកម្រិតវិធានការគម្លាតសង្គមពីកម្រិត ២ មកនៅកម្រិត១ ដែលជាកម្រិតទាបជាងគេវិញ នៅក្នុងប្រព័ន្ធគម្លាតសង្គមដែលមានដល់ ៣ កម្រិតនោះ។ ការបន្ធូរបន្ថយវិធានការនេះ គឺឆ្លើយតបទៅនឹងផលប៉ះពាល់យ៉ាងច្រើនទៅលើការរស់នៅរបស់ប្រជាជនកូរ៉េ ក៏ដូចជាសេដ្ឋកិច្ចក្នុងស្រុកទាំងមូល ក្នុងអំឡុងពេលដែលបញ្ហាកូវីដ-១៩ ជាបញ្ហាក្តៅជាច្រើនខែកន្លងមកនេះ។

ក្រោមវិធានការបន្ធូរបន្ថយថ្មីនេះ អាជីវកម្ម ១០ ប្រភេទដែលគេចាត់ទុកថាមានហានិភ័យប្រឈមខ្ពស់ ដូចជាបន្ទប់ខារ៉ាអូខេ ក្លឹបហាត់ប្រាណ ហាងញ៉ាំអាហារប៊ូហ្វេរ និងសាលាបង្រៀនគួរ ដែលមានសិស្សលើសពី ៣០០ នាក់ ត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមប្រតិបត្តិការវិញ ប៉ុន្តែក្នុងនោះគ្រប់គ្នាត្រូវតម្រូវឱ្យពាក់ម៉ាស់ និងចុះឈ្មោះចេញចូលឱ្យបានត្រឹមត្រូវទៅតាមការណែនាំ។

ទិដ្ឋភាពសាលារៀននៅទីក្រុងសេអ៊ូល ដែលត្រូវអនុវត្តទៅតាមវិធានការគម្លាតសង្គម

ក្នុងនោះដែរ ក្នុងកីឡាដ្ឋាននានា តម្រូវឱ្យមានទស្សនិកជនផ្ទាល់ ៣០% នៃចំនួនទស្សនិកជនសរុប ខណៈដែលការជួបជុំនៅទីសាធារណៈលើសពី ១០០ នាក់ និងការជួបជុំនៅទីកន្លែងបិទជិត ៥០ នាក់ ត្រូវបានអនុញ្ញាតវិញផងដែរ។ យ៉ាងណាមិញ ប្រសិនបើមានការរៀបចំពិធីជួបជុំសាធារណៈដែលមានអ្នកចូលរួមច្រើន អ្នកចូលរួមនីមួយៗតម្រូវឱ្យពាក់ម៉ាស់ និងត្រូវមានគម្លាតពីគ្នាទៅតាមការកំណត់។

ចំណែកឯអាជីវកម្មក្លឹបកំសាន្តពេលរាត្រី នឹងត្រូវបន្តអនុវត្តវិធានការដដែល ដោយត្រូវធ្វើការផ្អាកប្រតិបត្តិការរយៈពេល ១ ម៉ោង រៀងរាល់ពេលដំណើរការបាន ៣ ម៉ោងម្តង។

ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញនូវវិធានការគម្លាតសង្គមកម្រិត ២ នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញខេត្តឃ្យ៉ុងគី កាលពីថ្ងៃទី ១៦ សីហា និងតំបន់អ៊ីនឆន់នៅថ្ងៃទី ១៩ សីហា ហើយបានពង្រីកបន្ថែមទូទាំងប្រទេសនៅថ្ងៃទី ២៣ សីហាកន្លងមក។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃចន្ទនេះ ករណីឆ្លងថ្មីនៃជម្ងឺកូវីដ-១៩ មានចំនួន ៩៧ ករណី ដែលនាំឱ្យករណីឆ្លងថ្មីទាបជាង ១០០ ករណី ចំនួន ៥ថ្ងៃជាប់គ្នាហើយ។

បន្ទប់ខារ៉ាអូខេ ត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការធម្មតាវិញ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *