កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញករណីគ្រុនផ្តាសាយជ្រូកថ្មីចំនួន ២ ករណី នៅតំបន់ភាគខាងជើងនៃប្រទេសកូរ៉េខាងត្បូង នេះបើតាមការប្រកាសនៅថ្ងៃអាទិត្យនេះ។
ករណីដែលរកឃើញថ្មីនេះ ស្ថិតនៅក្នុងតំបន់វ៉ាឈុន (Hwacheon) ខេត្តហ្គាងវ៉ុន ភាគខាងជើងប្រទេសកូរ៉េខាងត្បូង។ ករណី ២ ថ្មីនេះត្រូវបានគេសង្ស័យថាឆ្លងបន្តពីករណីវិជ្ជមានផ្តាសាយជ្រូកនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយដែលនៅក្បែរនោះផងដែរ ដែលគេបានរកឃើញកាលពីសប្តាហ៍មុន។
ករណីថ្មីនេះ ត្រូវបានគេរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ចម្ងាយប្រមាណ ២.១ គីឡូម៉ែត្រពីកសិដ្ឋានដែលគេរកឃើញករណីឆ្លងថ្មីកាលពីសប្តាហ៍មុននៅក្នុងតំបន់ជាមួយគ្នា។ ជាក់ស្តែងតាំងពីការរកឃើញករណីឆ្លងផ្តាសាយជ្រូកថ្មី កាលពីសប្តាហ៍មុន អជ្ញាធរសុខាភិបាលកូរ៉េបានដាក់វិធានការពិនិត្យរាល់សត្វចិញ្ចឹម ហើយអនុញ្ញាតឱ្យមានការធ្វើសត្តឃាតលើសត្វជ្រូកដែលមានការសង្ស័យក្នុងចន្លោះ ១០ គីឡូម៉ែត្រពីកសិដ្ឋានដែលបានឆ្លងដំបូង។

មកដល់ពេលនេះ អជ្ញាធរបានធ្វើសត្តឃាតសត្វជ្រូកចំនួន ៩៤០ ក្បាលនៅកសិដ្ឋានដែលបានឆ្លងដំបូង និង ១៥២៥ ក្បាលទៀតនៅកសិដ្ឋាន ២ដទៃទៀតក្បែរនោះ។
ក្នុងនោះដែរ អជ្ញាធរក៏បានពង្រីកការពិនិត្យចំពោះសត្វស្រុកដទៃទៀតដែលនៅតំបន់ជុំវិញនោះ មានទាំងសត្វឆ្កែ និងជ្រូក រហូតដល់ ៣៧៣ ក្បាលទៀត ដែលក្នុងនោះបច្ចុប្បន្នលទ្ធផល ១៦៣ ក្បាលគឺអវិជ្ជមាន។
សូមបញ្ជាក់ថា ករណីជម្ងឺផ្តាសាយជ្រូកបានផ្ទុះ និងឆ្លងរាលដាលនៅតាមកសិដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូងនៅភាគខាងជើងប្រទេសដូចគ្នា តាំងពីឆ្នាំ ២០១៩ ដែលកាលនោះបានបណ្តាលឱ្យមានការធ្វើសត្តឃាតសត្វជ្រូកអស់ជិត ៤០ម៉ឺនក្បាល ខណៈដែលមានកសិដ្ឋានចិញ្ចឹមជ្រូកដល់ទៅ១៤ ក្បាលបានឆ្លងរាលដាល។

