គិតត្រឹមព្រឹកនេះ អាគារ ៣៣ ជាន់ឆាបឆេះសន្ធោរសន្ធៅកាលពីយប់មិញ មិនទាន់រលត់ទាំងស្រុងទេ ខណៈមនុស្ស ៨៨ នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ

អ៊ុលសាន៖ អគ្គិភ័យដែលបានឆាបឆេះអគារកម្ពស់ ៣៣ ជាន់ម្តុំ Dal-dong នៃ Nam-gu នៅក្នុងទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង តាំងពីយប់មិញម៉ោង ១១:១០ នាទីយប់នោះ គិតត្រឹមវេលាព្រឹកថ្ងៃសុក្រនេះ មិនទាន់រលត់អស់ទាំងស្រុងនោះទេ។

បើតាមការរាយការណ៍ព័ត៌មាន អ្នកពន្លត់អគ្គិភ័យបានគ្រប់គ្រងស្ថានការណ៍ស្ទើរតែទាំងស្រុងហើយ ២ម៉ោងក្រោយពីភ្លើងចាប់ផ្តើមឆេះ យ៉ាងណាមិញ ៩ម៉ោងក្រោយមក ភ្លើងនៅជាន់មួយចំនួនមិនទាន់អាចពន្លត់បាននៅឡើយ ដោយសារតែស្ថានភាពខ្យល់មានលក្ខណៈមិនអំណោយផល ដោយសារខ្យល់បក់ខ្លាំង។

ក្នុងនោះដែរ មនុស្សយ៉ាងតិចណាស់ ៨៨ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការឈ្លក់ផ្សែងដ៏ឃ្មួរខ្មាញ់ក្នុងអាគារដែលឆេះនោះ តែជាសំណាងល្អមិនទាន់មានការរាយការណ៍ពីករណីបាត់បង់ជីវិតនោះទេ។

សូមបញ្ជាក់ថា អាគារ៣៣ជាន់នែហជាអាគារពហុមុខងារដែលជាន់ទី ១ ដល់ជាន់ទី ៣ គឺជាផ្សារទំនើប, ជាន់ទី ៤ ដល់ជាន់ទី ១៣ គឺជាអាផាតមិន, មានគ្រួសារ​ប្រហែល​ជា ១២៧ គ្រួសារត្រូវបានគេដឹងថារស់នៅទីនោះ។

អជ្ញាធរអគ្គីភ័យបាននិយាយថា ភ្លើងបានចាប់ផ្តើមឆាបឆេះបន្តិចម្តងៗពីវេរ៉ង់ដានៅជាន់ទី ៣, ប៉ុន្តែក៏មានការលើកឡើងថាវាបានចាប់ផ្តើមឆាបឆេះពីជាន់ទី ១២ មក។ ដូច្នេះដើមហេតុជាក់លាក់មិនទាន់អាចកំណត់បាន។

ទិដ្ឋភាពអាគារនៅបន្តឆាបឆេះ ផ្នែកមួយចំនួនតូច

Leave a Reply

Your email address will not be published. Required fields are marked *