រដ្ឋមន្ត្រីរួបរួមជាតិកូរ៉េខាងត្បូង៖ កូរ៉េខាងជើងអាចនឹងធ្វើការបង្អួតក្បាលគ្រាប់មីស៊ីលថ្មីរបស់ខ្លួន ក្នុងការដង្ហែក្បួនថ្ងៃកំណើតបក្សខាងមុខ

សេអ៊ូល៖ របបកូរ៉េខាងជើងអាចនឹងធ្វើការបង្ហាញប្រភេទគ្រាប់មីស៊ីលថ្មីរបស់ខ្លួន ជាប្រភេទមីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) ឬគ្រាប់មីស៊ីលបាលីស្ទីកបាញ់ចេញពីកប៉ាល់មុជទឹក (SLBM) ក្នុងអំឡុងពេលនៃការដង្ហែរក្បួនយោធារបស់ខ្លួន អបអរសាទរខួបកំណើតបក្សកុំម្មុយនីស្តកូរ៉េលើកទី ៧៥ នៅថ្ងៃទី១០ តុលា ខាងមុខនេះ បើតាមការលើកឡើងរបស់ក្រសួងរួបរួមជាតិកូរ៉េខាងត្បូង។

ក្នុងរបាយការណ៍របស់ក្រសួងរួបរួមជាតិកូរ៉េ ទៅកាន់សភាជាតិកូរ៉េខាងត្បូង បានបញ្ជាក់ពីលទ្ធភាពដែលកូរ៉េខាងជើងនឹងធ្វើការបង្ហាញប្រភេទអាវុធគ្រាប់មីស៊ីលថ្មីរបស់ខ្លួនប៉ុណ្ណោះ ក្រោយពីប្រទេសនេះបានរងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងឆ្នាំ ២០២០នេះ។ ក្នុងនោះដែរ រដ្ឋមន្ត្រីក្រសួងរួបរួមជាតិកូរ៉េ ក៏បានលើកឡើងថាកូរ៉េខាងជើងទំនងជានឹងបង្អួតសព្វាវុធរបស់ខ្លួន តែអាចនឹងមិនធ្វើការតេស្តសាកល្បងអាវុធថ្មីរបស់ខ្លួននោះទេ។

លោករដ្ឋមន្ត្រីបានលើកឡើងថា កាលពីមុនមក កូរ៉េខាងជើងតែងមានទម្លាប់បង្ហាញសាច់ដុំសព្វាវុធរបស់ខ្លួនតាមរយៈការបាញ់សាកល្បង ជាពិសេសក្នុងអំឡុងពេលកៀកការបោះឆ្នោតប្រធានាធិបតីអាម៉េរិក ប៉ុន្តែសម្រាប់ឆ្នាំនេះយើងរំពឹងថាកូរ៉េខាងជើងនឹងបន្ថយសកម្មភាពរបស់ខ្លួនមកត្រឹមការបង្ហាញសព្វាវុធថ្មិរបស់ខ្លួនប៉ុណ្ណោះ។ ជាទូទៅ គេក៏សង្កេតឃើញថាកូរ៉េខាងជើងតែងបង្ហាញសកម្មភាពតាមរយៈការរៀបចំដង្ហែរក្បួនមានទ្រង់ទ្រាយធំ ក្នុងអំឡុងពេលខួបកំណើតបក្សកុំម្មុយនីស្តរៀងរាល់ ៥ ឬ ១០ឆ្នាំម្តង។

ក្បាលគ្រាប់មីស៊ីលបាលីស្ទីក ដែលកូរ៉េខាងជើងបានបង្ហាញកន្លងមក

ការបង្ហាញសព្វាវុធថ្មីនេះ ក៏អាចជាការកំញើញដល់សហរដ្ឋអាម៉េរិកដែលកន្លងមកក្នុងឆ្នាំថ្មីនេះ ហាក់មិនមានសកម្មភាពអ្វីថ្មី ក្នុងការចរចាជាមួយកូរ៉េខាងជើងទៀតសោះ ហើយគេអាចប៉ាន់ស្មានបានថាការដង្ហែរក្បួនយោធា និងការបង្ហាញនូវសព្វាវុធថ្មី នឹងជាយន្តការបន្ថែមដើម្បីទាក់ទាញដៃគូចរចារបស់ខ្លួនឱ្យងាកមកតុចរចាបន្តទៀត ក្រោយពីកន្លងមកថ្មីៗនេះ កូរ៉េខាងជើងបានបញ្ចេញសកម្មភាពក្តៅមួយចំនួនផងដែរ តាមរយៈការបាញ់កម្ទេចអាគារទំនាក់ទំនងកូរ៉េ នៅតាមព្រំដែន និងការគម្រាមផ្តាច់ទំនាក់ទំនងតាមព្រំដែនទាំងស្រុងជាមួយកូរ៉េខាងត្បូង ដោយចោទប្រកាន់ពីការបង្ហោះសារប្រឆាំងចូលទឹកដីកូរ៉េខាងជើងកន្លងមក។

ក្នុងរបាយការណ៍របស់រដ្ឋមន្ត្រី ក៏បានប្រមើលមើលលទ្ធភាពនៃការបន្តដំណើរការចរចាជាមួយកូរ៉េខាងជើង ក្រោយការបោះឆ្នោតប្រធានាធិបតីនៅអាម៉េរិកផងដែរ ដោយភាគីកូរ៉េខាងត្បូងនៅតែបន្តតាមដានជាប្រចាំ។

សកម្មភាពនៃការដង្ហែរក្បួនយោធាកូរ៉េខាងជើងកន្លងមក

Leave a Reply

Your email address will not be published. Required fields are marked *