សេអ៊ូល៖ ធនាគារជាតិកូរ៉េ (Bank of Korea) បានលើកឡើងនៅថ្ងៃពុធនេះថា ខ្លួននឹងគ្រោងដាក់ឱ្យចរាចរណ៍សាកល្បងរូបិយប័ណ្ណឌីជីថលដែលទើបនឹងបោះពុម្ភផ្សាយ នៅឆ្នាំក្រោយនេះ ស្របពេលដែលធនាគារជាតិនឹងដាក់ឱ្យដំណើរការការសិក្សាបឋមអំពីសក្តានុពលនៃការប្រើប្រាស់ប្រភេទរូបិយប័ណ្ណឌីជីថល (CryptoCurrency)។
ធនាគារជាតិកូរ៉េបានធ្វើការសិក្សាកម្រិតបច្ចេកទេសតាំងពីខែមីនាកន្លងមក ដើម្បីពិនិត្យលើទិដ្ឋភាពផ្លូវច្បាប់ និងកម្រិតបច្ចេកទេស ដើម្បីពិនិត្យពីលទ្ធភាពនៃការដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល ជា ៣ ដំណាក់កាល។ ក្នុងនោះដែរ ធនាគារជាតិកូរ៉េគ្រោងនឹងបង្កើតឱ្យមាននូវកម្មវិធី និងក្រុមការងារសាកល្បងសម្រាប់ការធ្វើចរាចរណ៍រូបិយប័ណ្ណឌីជីថល (Central Bank-issued Digital Currency – CBDC) ដោយក្រុមការងារនេះនឹងត្រូវទទួលខុសត្រូវលើការបោះពុម្ភ និងទទួលរូបិយប័ណ្ណឌីជីថល ខណៈដែលគ្រឹះសា្ថនហិរញ្ញវត្ថុទូទៅ នឹងទទួលខុសត្រូវលើការធ្វើចរាចរណ៍រូបិយប័ណ្ណឌីជីថល នេះបើតាមការលើកឡើងរបស់មន្ត្រីធនាគារជាតិ។
ការដាក់ឱ្យចរាចរណ៍សាកល្បងនេះ នឹងមានលក្ខណៈប្រហាក់ប្រហែលទៅនឹងដំណើរការសាកល្បងដាក់ឱ្យចរាចរណ៍រូបិយប័ណ្ណធម្មតា ក្នុងដំណាក់កាលសាកល្បងដែរ។
យ៉ាងណាមិញ ធនាគារជាតិបានបញ្ជាក់ការសាកល្បងនេះមិនមែនមាន័យថា ធនាគារជាតិនឹងត្រូវតែដាក់ឱ្យដំណើរការរូបិយប័ណ្ណឌីជីថលនោះទេ ដោយនេះគឺគ្រាន់ជាការសាកល្បងដើម្បីពិនិត្យមើល និងត្រៀមខ្លួនប៉ុណ្ណោះ។
សូមបញ្ជាក់ថា ធនាគារកណ្តាលនៃប្រទេសចិន និងស៊ុយអែតបានកំពុងសស្រាក់សស្រាំខ្លាំងក្នុងការត្រៀមដាក់ឱ្យចរាចរណ៍រូបិយប័ណ្ណឌីជីថល ដែលបានធ្វើឱ្យប្រទេសជាច្រើនទៀតរួមទាំងកូរ៉េខាងត្បូងផង កំពុងសិក្សា និងត្រៀមខ្លួនតាមឱ្យទាន់ទៅនឹងនិន្នាការហិរញ្ញវត្ថុបែបថ្មីនេះផងដែរ។