សេអ៊ូល៖ ចាប់ពីសប្តាហ៍នេះទៅ ដំណើរទស្សនកិច្ចពេលរាត្រីទៅកាន់រាជវាំងឆាងដុក (Changdeok) ដែលស្ថិតនៅកណ្តាលក្រុងសេអ៊ូល នឹងចាប់ផ្តើមដំណើរការហើយ នេះបើតាមការលើកឡើងរបស់អជ្ញាធរសម្បត្តិបេតិកភ័ណ្ឌវប្បធម៌កូរ៉េ។
ដំណើរទស្សនកិច្ចពេលរាត្រីទៅកាន់រាជវាំងឆាងដុក (Changdeok) នឹងចាប់ផ្តើមដំណើរការដំបូងនៅថ្ងៃសៅរ៍នេះ ហើយបន្តរហូតដល់ថ្ងៃទី ២៥ តុលា ដោយអនុញ្ញាតទទួលភ្ញៀវទស្សនារៀងរាល់ពីថ្ងៃព្រហស្បត្តិ៍ ដល់ថ្ងៃអាទិត្យ។
រាជវាំងឆាងដុក (Changdeok) គឺជាទីតាំងសម្បត្តិបេតិកភ័ណ្ឌរបស់អង្គការ UNESCO ដែលត្រូវបានកសាងតាំងពីឆ្នាំ ១៤០៥ ដោយស្តេចតេជុងរបស់កូរ៉េ ហើយក៏ជារាជវាំងមួយដែលត្រូវបានរក្សាទុកបានល្អស្អាតជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
អជ្ញាធរសម្បត្តិបេតិកភ័ណ្ឌវប្បធម៌កូរ៉េបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចពេលរាត្រីនេះ នឹងមានរយៈពេល ១០០ នាទី ហើយនឹងមានបន្ថែមការទស្សនាសាល Jondeokjeong Pavilion និងស្រះ Banwolji នាពេលរាត្រីជាលើកដំបូងផងដែរ។
សូមបញ្ជាក់ថា សំបុត្រសម្រាប់ចូលទស្សនដំណើរទស្សនកិច្ចពេលរាត្រីនេះ មានតម្លៃ ៣ម៉ឺនវ៉ុន (២៥ ដុល្លារ) សម្រាប់មនុស្សម្នាក់ ដែលអាចរកជាវបានតាមរយៈគេហទំព័រ http://ticket.auction.co.kr ចាប់ពីម៉ោង២រសៀល ថ្ងៃព្រហស្បត្តិ៍តទៅ។