សេអ៊ូល៖ អជ្ញាធរក្រុងសេអ៊ូលបានប្រកាសនៅថ្ងៃចន្ទនេះ ថានឹងរារាំងមិនឱ្យមានការប្រមូលផ្តុំ ឬជួបជុំក្នុងរូបភាពតវ៉ាណាមួយឡើយក្នុងថ្ងៃ Hangeul Day ដើម្បីបង្ការរារាំងហានិភ័យនៃការចម្លងមេរោគកូរ៉ូណា ដូចករណីពីមុនៗមកទៀត។
អជ្ញាធរក្រុងសេអ៊ូល បានដាក់បម្រាមជួបជុំចំពោះមនុស្សលើសពី ១០ នាក់ ឬច្រើនជាងនេះតាំងពីខែសីហាមក ក្រោយពីបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំមួយកាលពីថ្ងៃទី ១៥ សីហា កន្លងមក បាននាំឱ្យក្លាយជាប្រភពចម្លងមេរោគកូរ៉ូណា ដែលបានរីករាលដាលទូទាំងប្រទេសកាលពីពេលកន្លងមក។
បើតាមមន្ត្រីសាលាក្រុងសេអ៊ូល ក្នុងការិយាល័យប្រយុទ្ធប្រឆាំងជម្ងឺឆ្លង សម្រាប់ថ្ងៃឈប់សម្រាក Hangeul Day ខាងមុខ មានគម្រោងស្នើសុំរៀបចំការជួបជុំតវ៉ាដែលមានមនុស្សចូលរួមលើសពី ១០ នាក់រហូត ៥២ ក្រុមផ្សេងគ្នា។ ក្រុមការងារប៉ូលីសក្រុងសេអ៊ូល និងសាលាក្រុងសេអ៊ូលនឹងសហការគ្នានៅនឹងទីតាំងផ្ទាល់ ដើម្បីបង្ការហានិភ័យនានាដែលអាចកើតមានពីការចម្លងជំងឺកូវីដ-១៩។
លោក Choi In-sik អគ្គលេខាធិការនៃក្រុមអ្នកតវ៉ាមួយ បានចេញមុខចោទប្រកាន់ប្រធានាធិបតី មូន ជេអ៊ីន ថាបានយកជំងឺកូវីដ-១៩ ធ្វើជាលេសដើម្បីបំបិទសិទ្ធសេរីភាពក្នុងការតវ៉ារបស់ពួកគាត់។ អ្នកតវ៉ាក៏បានលើកពីការអនុវត្តវិធានការមិនស្មើភាព ក្រោយពីរដ្ឋាភិបាលបានអនុញ្ញាតឱ្យបើកកន្លែងទេសចរណ៍នានា ដែលមានមនុស្សច្រើនកកកុញ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកកន្លងទៅ ហើយបានលើកឡើងថាប្រសិនបើការស្នើសុំធ្វើការជួបជុំនៅថ្ងៃ Hangeul Day ខាងមុខ ត្រូវបានរារាំងទៀត ក្រុមរបស់អ្នកតវ៉ានឹងលើកករណីនេះប្តឹងដល់តុលាការផងដែរ។
សូមបញ្ជាក់ថា ថ្ងៃ Hangeul Day គឺជាថ្ងៃឈប់សម្រាករំលឹកដល់ការបង្កើតអក្ខរក្រមភាសាកូរ៉េ ដែលតំណាងឱ្យភាពចេះដឹង មកដល់សព្វថ្ងៃក្នុងសង្គមកូរ៉េ។
