លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរនៅប្រទេសកូរ៉េ បានបន្ដអំពាវនាវដល់ពលករខ្មែរទាំងអស់កុំអាលធ្វើដំណើរមកប្រទេសកម្ពុជា ឫ ទៅកន្លែងណាផ្សេង ព្រោះមានបញ្ហាប្រឈមខ្លាំងណាស់។ ប្រឈមទី១ គឺអាចឆ្លងជំងឺកូវីដ-១៩ ទី២ នៅពេលត្រឡប់ទៅកូរ៉េខាងត្បូងវិញ នឹងត្រូវស្នាក់នៅដោយឡែកពីគេដោយត្រូវជួលកន្លែងស្នាក់នៅដោយខ្លួនឯង។ ជាងនេះទៅទៀត បើសិនពលករនៅចង់មកស្រុកខ្មែរមិនស្តាប់ការហាមឃាត់របស់ចៅកែរបស់ខ្លួន នោះពួកគេប្រឈមនឹងការបណ្តេញចេញពីការងារដែលនឹងធ្វើឱ្យពួកគេក្លាយជាពលករមិនស្របច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា ស្របពេលដែលក្រសួងការងារអំពាវនាវបែបនេះ រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃចន្ទបានសម្រេចអនុញ្ញាតឱ្យអ្នកនេសាទ និងអ្នកទោសជនជាតិខ្មែរចំនួន២២២នាក់នៅម៉ាឡេស៊ីវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ប៉ុន្តែ ពួកគេត្រូវទៅធ្វើតេស្តរកជំងឺកូវីដ-១៩នៅម៉ាឡេស៊ីជាមុនសិន។ ម្យ៉ាងវិញទៀត ពេលពួកគេមកដល់ប្រទេសកម្ពុជា គឺនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព និង ធ្វើតេស្តរកជំងឺកូវីដ-១៩៕