កម្ពុជារកឃើញកូវីដ-១៩ ថ្មី ២ ករណីនៅភ្នំពេញ និងសៀមរាប ខណៈក្រសួងកំពុងបន្តស្វែងរកអ្នកដែលអាចពាក់ព័ន្ធផ្ទាល់ និងប្រយោល

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញករណីកូវីដ-១៩ ថ្មីនៅកម្ពុជាចំនួន ២ ករណី ដែលសុទ្ធសឹងជាជនបរទេស នាព្រឹកថ្ងៃចន្ទ ទី០៥ តុលា ២០២០ នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងផ្ទាល់ ករណីឆ្លងថ្មីទី១ គឺជាបុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ ដែលស្ថិតនៅក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ហើយបានធ្វើដំណើរពីប្រទេសបារាំង មកដល់កម្ពុជាតាមជើងហោះហើរនៅថ្ងៃទី ២០ កញ្ញា ២០២០ ដោយឆ្លងកាត់ប្រទេសសាំងហ្គាពួរ។

បុរសជនជាតិបារាំងនេះ បានរង់ចាំទទួលការធ្វើតេស្តចំនួន ២ថ្ងៃ ក្រោយពីបានមកដល់កម្ពុជា ដែលមិនរកឃើញវិជ្ជមាននោះទេ។ ក្រោយមក នៅថ្ងៃទី២២ កញ្ញា ២០២០ បុរសរូបនេះបានចេញដំណើរមកសៀមរាបតាមរថយន្តក្រុមហ៊ុន Laryta Minibus ទៅកាន់អាស័យដ្ឋានខាងលើនៅខេត្តសៀមរាប។ នៅក្នុងរថយន្តនោះមាន មនុស្សទាំងអស់ ៤ នាក់ ខណៈដែលបុរសជនជាតិបារាំងរូបនោះ អង្គុយនៅកៅអីខាងក្រោយ និងបានពាក់ម៉ាស់ជាប់រហូតផងដែរ។ ក្រោយទៅដល់សៀមរាប គាត់បានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ហើយនៅថ្ងៃទី ១៣នៃចត្តាឡីស័ក ដែលត្រូវនឹងថ្ងៃទី ៣ តុលា ២០២០ បុរសរូបនោះត្រូវមកធ្វើតេស្តជាថ្មី ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ពីមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប។

បុរសជនជាតិបារំាងនោះ បច្ចុប្បន្នត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តាំងពីថ្ងៃទី ០៣ តុលា មក។ ក្នុងករណីនេះ អ្នកដែលបានធ្វើដំណើរតាមជើងហោះហើរជាមួយគ្នា ៩៨ នាក់ កំពុងត្រូវបានក្រុមការងារជំនាញសុខាភិបាលទាក់ទង ស្រាវជ្រាវដើម្បីពិនិត្យវត្ថុសំណាកស្វែងរកកូវីដ-១៩ ដែលបច្ចុប្បន្នរកឃើញបាន ៥០% ហើយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ ចំណែកអ្នកប៉ះពាល់ដោយប្រយោល ១០នាក់ និងផ្ទាល់ ៣នាក់ ផ្សេងទៀត ក៏ត្រូវបានក្រុមគ្រូពេទ្យពិនិត្យ និងរកឃើញថាអវិជ្ជមានផងដែរ។

ករណីទី២ គឺស្រ្តីជនជាតិឥណ្ឌា អាយុ ៣៤ ឆ្នាំ ដែលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ហើយបានធ្វើដំណើរមកកម្ពុជា ពីប្រទេសឥណ្ឌាកាលពីថ្ងៃទី ២០ កញ្ញា ២០២០។ ដូចនឹងករណីទី ១ ដែរ ស្រ្តីនេះបានធ្វើតេស្តអវិជ្ជមាន លើកទី១ ហើយបានបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅក្នុងសណ្ឋាគារខាងលើ។ នៅថ្ងៃទី ១៣ នៃចត្តាឡីស័ក វត្ថុសំណាករបស់គាត់ត្រូវបានគេយកមកធ្វើតេស្តឡើងវិញ និងរកឃើញវិជ្ជមានកូវីដ-១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

បច្ចុប្បន្ន អ្នកជំងឺស្រ្តីជនជាតិឥណ្ឌា ត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត។ ខណៈដែលក្រុមគ្រួសាររបស់ស្រ្តីរូបនេះ រួមមានកូន ២ នាក់ និងបុរសត្រូវជាពូរបស់កូនគាត់ ក៏ត្រូវបានដឹកនាំយកមកធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យខ្មែរ-សូវៀតរួចហើយដែរ នៅថ្ងៃទី ៤ តុលា ២០២០នេះ រីឯអ្នកធ្វើដំណើរតាមជើងហោះហើរជាមួយស្រ្តីរូបនេះ ៨៤ នាក់ បច្ចុប្បន្នក្រសួងកំពុងបន្តស្រាវជ្រាវរក ដើម្បីធ្វើតេស្តបន្តផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាមានករណីកូវីដសរុប ២៨០ ករណី ដែលក្នុងនោះ ២៧៥ ករណីបានជាសះស្បើយទាំងស្រុងទៅហើយ។

 

Leave a Reply

Your email address will not be published. Required fields are marked *