ចាប់ពីថ្ងៃទី ១៣ វិច្ឆិកាខាងមុខ កូរ៉េខាងត្បូងនឹងចាប់ផ្តើមអនុវត្តការផាកពិន័យចំពោះអ្នកដែលល្មើសមិនពាក់ម៉ាស់តាមទីសាធារណៈ

សេអ៊ូល៖ អជ្ញាធរកូរ៉េខាងត្បូងនឹងចាប់ផ្តើមអនុវត្តការផាកពិន័យ លើអ្នកដែលមិនពាក់ម៉ាស់មុខនៅតាមទីសាធារណៈ និងតាមមធ្យោបាយធ្វើដំណើរសាធារណៈ ចាប់ពីថ្ងៃទី ១៣ វិច្ឆិកា ២០២០ ខាងមុខតទៅ បើតាមការលើកឡើងរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជម្ងឺឆ្លងរបស់កូរ៉េ។

បើតាមការលើកឡើងរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជម្ងឺឆ្លងរបស់កូរ៉េ សាធារណជននឹងត្រូវតម្រូវឱ្យពាក់ម៉ាស់ជាប្រចាំនៅតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ នៅតាមការជួបជុំតវ៉ាបាតុកម្មសាធារណៈ និងនៅតាមទីតាំងមជ្ឈមណ្ឌលសុខភាពផ្សេងៗផងដែរ។

តាមរយៈច្បាប់ដែលទើបនឹងដាក់ឱ្យអនុវត្តថ្មីនេះ អ្នកដែលមិនពាក់ម៉ាស់ទៅតាមទីតាំងសាធារណៈដូចការណែនាំ នឹងត្រូវរងការពិន័យដល់ ១០ម៉ឺនវ៉ុន (៨៥.៥ ដុល្លារអាម៉េរិក)។ ប៉ុន្តែការអនុវត្តនេះក៏មានការលើកលែងចំពោះកុមារក្រោម ១៤ ឆ្នាំផងដែរ និងអ្នកដែលមានបញ្ហាសុខភាព មិនអាចធ្វើការពាក់ម៉ាស់បានជាដើម។

ការពិន័យក៏នឹងរាប់បញ្ចូលទាំងអ្នកដែលពាក់ម៉ាស់ក្រោមច្រមុះ នៅតាមទីតាំងសាធារណៈដែលបានបញ្ជាក់ផងដែរ។

រដ្ឋាភិបាលកូរ៉េនឹងដាក់រយៈពេលត្រៀម ៣០ ថ្ងៃ សម្រាប់ការតម្រូវឱ្យពាក់ម៉ាស់តាមទីសាធារណៈនេះ ចាប់ផ្តើមពីថ្ងៃទី ១៣ តុលា រហូតដល់ថ្ងៃទី ១៣ វិច្ឆិកា ដែលការពិន័យនឹងចាប់ផ្តើមអនុវត្ត។ យ៉ាងណាមិញ រយៈពេលអន្តរកាលនេះ ក៏អាចនឹងត្រូវផ្លាស់ប្តូរទៅតាមស្ថានការណ៍ជាក់ស្តែងនៃជម្ងឺកូវីដ-១៩ ក្នុងប្រទេសកូរ៉េផងដែរ។

គេឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ករណីនៃការឆ្លងថ្មីនៅកូរ៉េខាងត្បូងមានការធ្លាក់ចុះ ដោយករណីឆ្លងថ្មីមានត្រឹមក្រោម ១០០ ករណី ចំនួន ៤ ថ្ងៃជាប់គ្នាមកហើយ។ ប៉ុន្តែការប្រុងប្រយ័ត្ននៅបន្តមានកម្រិតខ្ពស់ ខណៈដែលប្រជាជនរាប់លានទូទាំងប្រទេសកូរ៉េខាងត្បូង កំពុងអបអរពិធីបុណ្យឈូសុក (ភ្ជុំកូរ៉េ)។

គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ករណីឆ្លងថ្មីកូវីដ-១៩ មានចំនួន ៦៤ ករណី ដែលនាំឱ្យករណីសរុបមានដល់ ២៤០៩១ ករណីទូទាំងប្រទេសកូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *