ស្របពេលដែលទីក្រុងភ្នំពេញមានការអភិវឌ្ឍ និងចំនួនប្រជាជនរស់នៅក្នុងទីក្រុងកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការនេះបានរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង្កើតទីក្រុងរណបថ្មីៗជុំវិញទីក្រុងភ្នំពេញ និងផ្លូវក្រវាត់ក្រុងដើម្បីដោះស្រាយការកើនឡើងនៃអ្នកចូលមករស់នៅក្នុងទីក្រុង បញ្ហាកកស្ទះចរាចរណ៍ និងការរីកចម្រើននៃសក្ដានុពលសេដ្ឋកិច្ច របស់កម្ពុជាផងដែរ។
ជាក់ស្ដែង គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងនានា កំពុងបង្ហាញខ្លួន ខ្លះបានបញ្ចប់ ខ្លះកំពុងសាងសង់ ខ្លះទៀត នៅក្នុងគម្រោង ដែលមានដូចជា៖
-ផ្លូវក្រវ៉ាត់ក្រុងទី១ត្រូវបានសាងសង់ឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះពោលគឺស្ថិតនៅក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករាខណ្ឌចំការមននិងខណ្ឌទួលគោកដែលផ្លូវក្រវ៉ាត់ក្រុងនេះឆ្លងកាត់តាមបណ្តោយមាត់ទន្លេរផ្លូវស៊ីសុវត្តិទៅដល់ស្ពានជ្រោយចង្វារ ពទ្ធ័រហូតដល់រង្វង់មូលកាំកូតាមផ្លូវ៥៩៨ទៅដល់ពេទ្យលោកសង្ឃភ្ជាប់ជាមួយផ្លូវ២៧១រហូតដល់ក្បាលថ្នល់ឡើងតាមផ្លូវនរោត្តមរួចឡើងតាមផ្លូវមាត់ទន្លេវិញ។
-ផ្លូវក្រវ៉ាត់ក្រុងទី២ គឺចាប់ពីចំណុចផ្លូវហាណូយហួសមកដល់ផ្លូវវេងស្រេងតាមផ្លូវណស្សប្រីដផ្លូវទ្រុងមាន់ផ្លូវមុខរោងចក្រអគ្គិសនីផ្លូវសហគមន៍អន្លង់គងផ្លូវទំនប់៧មករាដល់ផ្លូវជាតិលេខ២ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ។ផ្លូវនេះចំណាយទឹកប្រាក់ប្រមាណ៦២លានដុល្លារអាមេរិក។

-ផ្លូវក្រវ៉ាត់ក្រុងទី៣គ្រោងចំណាយថវិការប្រមាណ២៧៣លានដុល្លារអាមេរិកដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិនដែលនឹងគ្រោងបញ្ចប់នៅខែធ្នូឆ្នាំ២០២១។កំណាត់ផ្លូវក្រវាត់ក្រុងនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវលេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញឋិតនៅស្រុកកៀនស្វាយខេត្តកណ្ដាល ជាពិសេសកំណាត់ផ្លូវនេះតភ្ជាប់ផ្លូវ អាស៊ានហាយវេ AH1និងAH11 និងផ្លូវដែលជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត។

-រីឯផ្លូវក្រវ៉ាត់ក្រុងទី៤ត្រូវបានដាក់ឲ្យធ្វើការសិក្សាហើយគម្រោងនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤កំពុងសិក្សាដោយក្រុមហ៊ុនចិន។ ត្រូវបាន ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីការសិក្សាលទ្ធភាពលើគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៤ ដែលជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥១ និងលេខ៤១ អាចសម្រួលដល់ ការធ្វើដំណើរឱ្យកាន់តែងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងចំណាយតិចផងដែរ។
អត្ថបទដោយ៖ នឹម ផានុន (Pranun) – Business Cambodia
