ក្រុមហ៊ុនវេជ្ជសាស្រ្តធំៗនៅកូរ៉េខាងត្បូង កំពុងសស្រាក់សស្រាំខ្លាំងក្នុងការប្រកួតប្រជែង ដើម្បីស្វែងរកវ៉ាក់សាំងសម្រាប់ជម្ងឺកូវីដ-១៩

សេអ៊ូល៖ ក្រុមហ៊ុនវេជ្ជសាស្រ្តកូរ៉េខាងត្បូង បានកំពុងប្រកួតប្រជែងយ៉ាងសកម្មក្នុងបេសកកម្មស្វែងរកវ៉ាក់សាំងសម្រាប់ជម្ងឺកូវីដ-១៩ ដែលក្នុងនោះមានក្រុមហ៊ុនមួយចំនួនបានកំពុងមានលទ្ធផលគួរឱ្យកត់សម្គាល់ ពីការធ្វើតេស្តផ្ទាល់ផងដែរ។

ក្នុងចំណោមបេក្ខជនជួរមុខនៃការស្វែងរកវ៉ាក់សាំង និងថ្នាំដ៏មានសារៈសំខាន់នេះ គឺថ្នាំ CT-P59 របស់ក្រុមហ៊ុន Celltrion Inc. ដែលបច្ចុប្បន្នកំពុងធ្វើការតេស្តដំណាក់កាលទី២ និងដំណាក់កាលទី៣ ទាំងនៅក្នុងប្រទេសកូរ៉េ និងនៅបរទេស។

ក្រុមហ៊ុន Celltrion Inc. បានលើកឡើងថាវ៉ាក់សាំងរបស់ខ្លួនត្រូវបានសាកល្បងលើមនុស្សពេញវ័យចំនួន ៣២ រួចហើយ នៅក្នុងប្រទេសកូរ៉េផ្ទាល់ ហើយមិនមានករណីមិនប្រក្រតីណាមួយពីការសាកល្បងនោះទេ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងត្រៀមសាកល្បងដំណាក់កាលទី២ ដែលអាចមានអ្នកចូលរួមសាកល្បងដល់ ៣០០ នាក់ ជាមួយនឹងរោគសញ្ញាមួយចំនួននៃមេរោគកូរ៉ូណា ដើម្បីអាចស្វែងយល់បន្ថែមទៀតពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ជារួម។ សម្រាប់ដំណាក់ទី៣ នឹងមានអ្នកចូលរួមដល់ ៧២០ នាក់ ដើម្បីពិនិត្យមើលប្រសិទ្ធភាពកាន់តែច្បាស់អំពីបេក្ខភាពវា៉ក់សាំងរបស់ខ្លួននេះ។

ក្រុមហ៊ុននេះបានលើកឡើងថា ក្រៅពីកូរ៉េខាងត្បូង ខ្លួនក៏បានស្នើសុំធ្វើការសាកល្បងវ៉ាក់សាំងរ​បស់ខ្លួននៅប្រទេសសហរដ្ឋអាម៉េរិក រ៉ូមានី និងប្រទេស៣ផ្សេងទៀតផងដែរ។

ចំណែកឯក្រុមហ៊ុនវេជ្ជសាស្រ្តមួយផ្សេងទៀត គឺក្រុមហ៊ុន Bioneer Corp ក៏បានកំពុងស្វែងរកវ៉ាក់សាំងសម្រាប់មេរោគកូរ៉ូណាផងដែរ ហើយគ្រោងនឹងចាប់ផ្តើមធ្វើតេស្តសាកល្បងនៅដើមឆ្នាំក្រោយនេះ។ បើតាមការលើកឡើងរបស់ក្រុមហ៊ុននេះ វ៉ាក់សាំងរបស់ខ្លួនផ្តោតលើការវាយប្រហារផ្ទាល់ទៅលើហ្សែនរបស់មេរោគកូរ៉ូណា ដើម្បីអាចបំបែកមេរោគតែម្តង។

ក្រុមហ៊ុនវេជ្ជសាស្រ្តមួយផ្សេងទៀត SK Bioscience Co., ក៏ជាបេក្ខភាពក្នុងការប្រណាំងប្រជែងស្វែងរកវ៉ាក់សាំងសម្រាប់មេរោគកូរ៉ូណាដែរ។ ក្រុមហ៊ុននេះក៏ត្រូវបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលកូរ៉េ ក្នុងការបង្កើតនូវវ៉ាក់សាំងនេះផងដែរ ហើយគ្រោងនឹងចាប់ផ្តើមធ្វើតេស្តលើវ៉ាក់សាំងខ្លួន នៅដើមខែតុលានេះ។

សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េកន្លងទៅក៏បានប្រកាសពីការជួយគាំទ្រដល់ដំណើរស្វែងរកវ៉ាក់សាំង ដោយនឹងជួយឧបត្ថម្ភធនដល់ ៨០.៣ លានដុល្លារអាម៉េរិក សម្រាប់ក្រុមហ៊ុនវេជ្ជសាស្រ្តក្នុងស្រុកអាចធ្វើការស្វែងរកវ៉ាក់សាំងដ៏សំខាន់នេះបាន។

បើតាមទិន្ន័យពីក្រសួងសុវត្ថិភាពម្ហូបអាហារ និងវេជ្ជសាស្រ្តកូរ៉េ បច្ចុប្បន្នកំពុងមានការសាកល្បងលើបេក្ខភាពថ្នាំដល់ទៅ ១៥​ និងបេក្ខភាពវ៉ាក់សាំងចំនួន១ សម្រាប់មេរោគកូរ៉ូណា នៅក្នុងប្រទេសកូរ៉េខាងត្បូង។

 

Leave a Reply

Your email address will not be published. Required fields are marked *