ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ១ នាក់ទៀត ដែលត្រូវបានរកឃើញលើស្ត្រីជនជាតិខ្មែរ ដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក។
ស្ត្រីជនជាតិខ្មែរដែលទើបរកឃើញឆ្លងកូវីដ-១៩នេះ អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
បន្ទាប់មកនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ គាត់បានចាកចេញពីរាជធានីភ្នំពេញ ទៅខេត្តបាត់ដំបង ក្រោយលទ្ធផលតេស្តលើកទី០១ របស់គាត់ អវិជ្ជមានវីរុសកូវីដ-១៩។ ការវិភាគវត្ថុសំណាកលើកទី២ របស់គាត់ ក្រោយពីធ្វើចត្តាឡីស័កបាន១៣ថ្ងៃ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩។
បច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា តាមការស្រាវជ្រាវ និងសាកសួរព័ត៌មានជាបឋម និងភ្លាមៗ ដោយក្រុមការងារឆ្លើយតបបន្ទាន់ របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានរកឃើញថាមានអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺមានចំនួន ០៧នាក់ (០៥នាក់ជាក្រុមគ្រួសារ និង ០២នាកជាមិត្តភក្តិរបស់អ្នកជំងឺ) ហើយអ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺនេះសរុបមានចំនួន ៤០នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៨នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៥នាក់។