ទូតខ្មែរនៅកូរ៉េ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំផ្នែកច្បាប់ និងស្រាវជ្រាវបទឧក្រិដ្ឋនៅកូរ៉េ ហើយជម្រុញឱ្យមានការបណ្តុះបណ្តាលសមត្ថភាពនៅកម្ពុជា

សេអ៊ូល៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង លោកស្រីទីប្រឹក្សាស្ថានទូត និងសហការី នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសម្ព័ន្ធផ្នែកច្បាប់ LIN លោក Jin Seok LIM និងអតីតប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងកោសល្យវិច្ច័យ លើបទឧក្រិដ្ឋគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃប្រទេសកូរ៉េ លោក Joong Seok SEO និងលោក Young Shik Choi។

កិច្ចប្រជុំខាងលើនេះបានពិភាក្សាលើកិច្ចសហប្រតិបត្តិការយោគយល់គ្នា និងការចូលរួមជួយអភិវឌ្ឍន៍មជ្ឈមណ្ឌលស្រាវជ្រាវ និងកោសល្យវិច្ច័យលើបទឧក្រិដ្ឋនៅកម្ពុជា ដែលប្រទេសកូរ៉េកំពុងមានសមត្ថភាពខ្ពស់ និងជឿនលឿនលើវិស័យនេះ ស្របពេលដែលកម្ពុជាកំពុងមានតម្រូវការអភិវឌ្ឍនកិច្ចការនេះឱ្យបានល្អប្រសើរ។

មជ្ឈមណ្ឌលនេះនឹងផ្ដោតទៅលើការបណ្ដុះបណ្ដាលដល់ចៅក្រម ព្រះរាជអជ្ញា សមត្ថកិច្ចទាំងឡាយ ក្នុងកិច្ចការងារស្រាវជ្រាវវិភាគកោសល្យវិច្ច័យ សំដៅប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋរួមមាន ឧក្រិដ្ឋកម្មលើនារីភេទ, គ្រឿងញៀន, ភេរវកម្ម, អ៊ីនធឺណេត ជាដើម ហើយនេះជាលទ្ធផលមួយដែលចេញអំពីជំនួបកំពូលកូរ៉េ-មេគង្គកាលពីខែវិច្ឆិកា ឆ្នាំ 2019 កន្លងមកនៅប៊ូសាន។

ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលក៏បានអញ្ជើញឯកអគ្គរាជទូត និងសហការី ដើម្បីចុះទស្សនៈកិច្ចដោយផ្ទាល់នៅមជ្ឈមណ្ឌល ដើម្បីបានទទួលព័ត៌មានកាន់តែទូលាយ។ ជាការឆ្លើយតបឯកអគ្គរាជទូត បានសន្យានឹងបំពេញទស្សនៈកិច្ចនៅពេលឆាប់ៗខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *