ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញមនុស្សចំនួន ៩០ នាក់ ដែលបានប៉ះពាល់ផ្ទាល់ ឬមិនផ្ទាល់ជាមួយបុរសចំណាស់ជនជាតិហុងគ្រី ដែលបានរត់ចេញពីមណ្ឌលចត្តាឡីស័ក និងត្រូវបានរកឃើញវិញនៅខេត្តសៀមរាប និងរកឃើញថាមានវិជ្ជមានជម្ងឺកូវីដ-១៩។
អ្នកដែលរកឃើញថាបានមានទំនាក់ទំនងជាមួយបុរសហុងគ្រីទាំង ៩០ នាក់ ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង និងនៅតាមមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកដែលបានរកឃើញនោះ អ្នកដែលបានទំនាក់ទំនងច្រើនជាមួយបុរសហុងគ្រីនោះមាន ស្រ្តីជាភរិយារបស់បុរសហុងគ្រី ដែលរស់នៅខេត្តសៀមរាប និងអ្នកបើកបរតុកតុក ដែលបានដឹកបុរសហុងគ្រីនោះជុំវិញក្រុងសៀមរាប ដើម្បីស្វែងរកទិញគំនូរ។ អ្នកទាំងពីរនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោយពីលទ្ធផលតេស្តបឋមអវិជ្ជមាន។
ក្នុងនោះដែរ ក្រុមគ្រួសាររបស់បុរសអ្នកបើកតុកតុក ក៏ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯងផងដែរ។ រីឯអ្នកបើកតាក់ស៊ីដឹកបុរសហុងគ្រីនេះ ពីភ្នំពេញ មកសៀមរាប ក៏កំពុងរង់ចាំលទ្ធផលធ្វើតេស្ត និងត្រូវដាកចត្តាឡីស័កនៅផ្ទះផងដែរ។ ចំណែកឯហាងលក់ផ្ទាំងគំនូរដែលបុរសហុងគ្រីនេះបានចូលទៅទិញ ក៏កំពុងស្ថិតនៅក្រោមការពិនិត្យតាមដានផងដែរ បើទោះជាបុរសនោះបានចូលទៅទិញតែមួយភ្លែត និងបានពាក់ម៉ាស់ក៏ដោយ។
អ្នកធ្វើដំណើរ ៨៤ នាក់ទៀត ដែលធ្វើដំណើរតាមជើងហោះហើរជាមួយបុរសហុងគ្រីនេះ ក៏ត្រូវបានអជ្ញាធរកំពុងធ្វើការទាក់ទងដើម្បីធ្វើតេស្តរកមេរោគកូរ៉ូណាផងដែរ។ ក្រសួងសុខាភិបាលក៏កំពុងបន្តស្វែងរកអ្នកដែលអាចមានពាក់ព័ន្ធបន្ថែមទៀតផងដែរ។
បុរសជនជាតិហុងគ្រីនេះ មានអាយុ ៧០ឆ្នាំ ហើយស្នាក់នៅក្នុងសង្កាត់ស្វាយដង្គំ នៃក្រុងសៀមរាប។ គាត់បានធ្វើដំណើរពីបារាំងមកដល់កម្ពុជា នៅថ្ងៃទី ១៣ កញ្ញា ២០២០ ហើយបានចាកចេញពីភ្នំពេញ តាមឡានតាក់ស៊ីមកសៀមរាបនៅថ្ងៃទី ១៦ កញ្ញា ២០២០។ ក្រោយពីធ្វើចត្តាឡីស័កបាន ១៣ ថ្ងៃ បុរសនេះបានធ្វើតេស្តរកមេរោគកូរ៉ូណាជាលើកទី២ នៅមន្ទីរធ្វើតេស្តខេត្តសៀមរាប និងត្រូវបានធ្វើតេស្តបន្តនៅឡាបូវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី ២៦ កញ្ញា រកឃើញលទ្ធផលវិជ្ជមាន។ ប៉ុន្តែនៅថ្ងៃទី ២៦ កញ្ញា ក្រសួងសុខាភិបាលបានប្រកាសថាបុរសរូបនេះបានចាកចេញពីទីតាំងចត្តាឡីស័ក តែក្រោយមកប៉ុន្មានម៉ោង ក៏បានរកឃើញវិញត្រឡប់មកផ្ទះវិញ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាមានករណីកូវីដ-១៩ ដល់ ២៧៦ ករណី ដែលក្នុងនោះ ២៧៥ ករណីត្រូវបានជាសះស្បើយទាំងស្រុងហើយ។