កាន់តែកៀកពិធីបុណ្យជូសុក កូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដ-១៩ ថ្មី តួលេខទាបជាងគេបង្អស់ក្នុងរយៈពេល ២ ខែចុងក្រោយ

សេអ៊ូល៖ ព្រឹកថ្ងៃចន្ទនេះ ករណីឆ្លងថ្មីជម្ងឺកូវីដ-១៩ នៅកូរ៉េខាងត្បូង មានចំនួនធ្លាក់ចុះតិចជាងគេបង្អស់ក្នុងរយៈពេល ២ខែចុងក្រោយនេះ ខណៈពេលដែលពិធីបុណ្យជូសុក (ភ្ជុំកូរ៉េ) ក៏កាន់តែខិតជិតចូលមកដល់ដែរនោះ។

បើតាមទិន្នន័យថ្មីពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជម្ងឺឆ្លងរបស់កូរ៉េ (KDCA) ព្រឹកថ្ងៃចន្ទនេះមានករណីឆ្លងថ្មីតែ ៥០ករណីប៉ុណ្ណោះ ដែលក្នុងនោះ ៤០ករណី ជាករណីឆ្លងក្នុងស្រុក។ តួលេខនេះ ជាតួលេខឆ្លងថ្មីប្រចាំថ្ងៃដែលទាបជាងគេបង្អស់ក្នុងរយៈពេល ៤៨ ថ្ងៃចុងក្រោយ ចាប់តាំងពីថ្ងៃទី ១១​សីហាមក។

ករណីថ្មិត្រឹមតែ ៥០ ករណីនេះ ធ្លាក់ចុះពីចំនួន ៩៥ ករណីដែលបានរកឃើញកាលពីថ្ងៃអាទិត្យម្សិលមិញ។

ស្របពេលដែលពិធីបុណ្យជូសុក (ភ្ជុំកូរ៉េ) កាន់តែខិតជិតចូលមកដល់ រដ្ឋាភិបាលកូរ៉េបានកំណត់យកពីថ្ងៃចន្ទ ដល់ថ្ងៃទី ១១ តុលា ជាអំឡុងពេលពិសេសដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះហានិភ័យនៃការឆ្លងកូវីដ-១៩ ដោយសារនេះជាពេលវេលាដែលប្រជាជនកូរ៉េធ្វើដំណើរទូទាំងប្រទេស ដែលប្រឈមនឹងហានិភ័យខ្ពស់។

អជ្ញាធរសុខាភិបាលកូរ៉េបានជម្រុញឱ្យប្រជាជនកូរ៉េស្នាក់នៅផ្ទះ ចៀសវាងការធ្វើដំណើរមិនចាំបាច់ រួមនឹងវិធានការគម្លាតសង្គមដទៃទៀតដែលត្រូវអនុវត្តជាចាំបាច់ក្នុងអំឡុងពេលនៃពិធីបុណ្យជូសុកនេះ ដែលស្របទៅនឹងវិធានការគម្លាតសង្គមកម្រិតទី២ ដែលកំពុងបន្តអនុវត្តសព្វថ្ងៃ។

សូមបញ្ជាក់ថា បច្ចុប្បន្នកូរ៉េខាងត្បូងមានតួលេខឆ្លងកូវីដ-១៩ ដល់ ២៣៦៦១ ករណី ដែលក្នុងនោះករណីចំនួន ២១២៩២ ករណីត្រូវបានព្យាបាលជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

Leave a Reply

Your email address will not be published. Required fields are marked *