សេអ៊ូល៖ នៅរសៀលថ្ងៃអាទិត្យនេះ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ ស្នើឱ្យកូរ៉េខាងជើងបើកឡើងវិញនូវមធ្យោយបាយទំនាក់ទំនងយោធាទ្វេភាគី និងសហការរៀបចំការស៊ើបអង្កេតរួមគ្នាជាមួយភាគីកូរ៉េខាងត្បូង លើករណីសម្លាប់មន្ត្រីរបស់កូរ៉េខាងត្បូងម្នាក់ នៅក្បែរព្រំដែនទឹកនៃប្រទេសកូរ៉េទាំងពីរ។
សេចក្តីថ្លែងការណ៍ត្រូវបានធ្វើឡើង ក្រោយពីប្រធានាធិបតី មូន ជេអ៊ីន បានកោះប្រជុំបន្ទាន់ជាមួយរដ្ឋមន្ត្រីរបស់លោកលើបញ្ហាសន្តិសុខពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើងនារសៀលថ្ងៃអាទិត្យនេះ។
នៅក្នុងសន្និសីទសារព័ត៌មានក្រោយពីកិច្ចប្រជុំបន្ទាន់នេះ អ្នកនាំពាក្យវិមានប្រធានាធិបតីបានលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានវាយតម្លៃជាវិជ្ជមាន ចំពោះការផ្តល់លិខិតសូមអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំកូរ៉េខាងជើង និងបានសន្យាថាមិនឱ្យមានករណីបែបនេះកើតឡើងម្តងទៀតឡើយ។

យ៉ាងណាមិញ ភាគីទាំងសងខាងនៅមិនទាន់ឈានទៅដល់ការយល់ស្របគ្នាចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនេះទេ។ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ បញ្ជាការកងទ័ពកូរ៉េខាងត្បូងបានប្រកាសថាមន្ត្រីក្រសួងដែនសមុទ្រ និងនេសាទរូបនេះ ដែលទទួលបន្ទុកលើសកម្មភាពនេសាទ ត្រូវបានបាញ់សម្លាប់បន្ទាប់ពីបានឆ្លងចូលទៅព្រំដែនសមុទ្រកូរ៉េខាងជើង ហើយកងទ័ពកូរ៉េខាងជើងបានដុតសាកសពរបស់មន្ត្រីរូបនេះផងដែរ។
ចំណែកឯភាគីកូរ៉េខាងជើងវិញ បានលើកឡើងក្នុងលិខិតផ្លូវការមកកូរ៉េខាងត្បូងថា កងទ័ពខ្លួនពិតជាបានបាញ់ជាង ១០ គ្រាប់មែន ដែលបានធ្វើឱ្យមន្ត្រីកូរ៉េខាងត្បូងស្លាប់ ប៉ុន្តែគេមិនអាចរកឃើញសាកសពរបស់បុរសនេះ ហើយកងទ័ពខ្លួនគ្រាន់តែដុតកម្ទេចទូកដែលមន្ត្រីនោះបានជិះមក ដោយអនុវត្តទៅតាមបទបញ្ជានៅតាមព្រំដែន និងតាមវិធានការដើម្បីទប់ស្កាត់ការនាំចូលជម្ងឺកូវីដ-១៩ តាមព្រំដែនប៉ុណ្ណោះ។
ដោយសារការអះអាងខុសគ្នានេះហើយ ទើបវិមានប្រធានាធិបតីកូរ៉េខាងត្បូងស្នើទទូចឱ្យបើកការស៊ើបអង្កេតដោយបើកចំហររួមគ្នា ដើម្បីស្វែងរកការពិតជុំវិញករណីនេះ ហើយក៏ដើម្បីស្វែងរកសាកសពជនរងគ្រោះ ដើម្បីជូនទៅកាន់ក្រុមគ្រួសារសពវិញផងដែរ។ ក្នុងនោះដែរ ភាគីកូរ៉េខាងត្បូងក៏បានស្នើដល់អជ្ញាធរចិន ដើម្បីជួយសម្រួលការស្វែងរកនេះផងដែរ ដោយសារតំបន់ព្រំដែនទឹករវាងប្រទេសទាំងបីស្ថិតនៅជាប់គ្នា។
យ៉ាងណាក៏ដោយ កាលពីព្រឹកថ្ងៃអាទិត្យ កូរ៉េខាងជើងបានចេញសារព្រមានចំពោះកូរ៉េខាងត្បូងលើប្រតិបត្តិការស៊ើបអង្កេតរបស់ខ្លួន ដែលនៅក្បែរព្រំដែនទឹកកូរ៉េខាងជើង ដែលអាចនឹងបង្កឱ្យមានស្ថានការណ៍តឹងតែងរវាងប្រទេសទាំងពីរជាថ្មីទៀត។
