កូរ៉េខាងត្បូង៖ ក្រោយមានការរកឃើញពីករណីបាញ់សម្លាប់មន្ត្រីជលផលរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ពីសំណាក់កូរ៉េខាងជើង នៅចំណុចដែនទឹកក្បែរព្រំដែននៃប្រទេសកូរ៉េទាំងពីរកាលពីថ្មីៗនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញនូវសារសូមទោស និងសោកស្តាយចំពោះហេតុការណ៍ខាងលើនេះ ជូនដល់លោកប្រធានាធិបតី មូន ជេអ៊ីន។
នៅក្នុងសារលិខិតរបស់មេដឹកនាំកូរ៉េខាងជើង បានរៀបរាប់ថាករណីឧប្បតិវហេតុបាញ់មកលើមន្ត្រីកូរ៉េខាងត្បូង នៅក្បែចំណុចព្រំដែនទឹករវាងកូរ៉េនេះ មិនគួរកើតមានឡើងនោះទេ ហើយលោកគីម ជុងអ៊ុន បានបង្ហាញពីអារម្មណ៍សោកស្តាយ ជូនចំពោះប្រធានាធិបតី និងប្រជាជនកូរ៉េខាងត្បូងទាំងអស់។
សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារក្នុងសប្តាហ៍នេះ គេបានសង្ស័យថាមានករណីបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងនៃក្រសួងគ្រប់គ្រងសមុទ្ររបស់កូរ៉េខាងត្បូង ដែលមានអាយុ ៤៧ ឆ្នាំម្នាក់ ខណៈពេលដែលលោកកំពុងនៅក្នុងបេសកកម្មក្បែតំបន់ព្រំដែនសមុទ្ររវាងកូរ៉េទាំងពីរ នេះបើតាមការលើកឡើងរបស់ភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង។
ការដែលថ្នាក់ដឹកនាំកូរ៉េខាងជើង ចេញសារលិខិតបកស្រាយ ឬសូមទោសពាក់ព័ន្ធនឹងករណីឧប្បតិវហេតុផ្សេងៗដែលកើតឡើងរវាងប្រទេសកូរ៉េទាំងពីរ ជារឿងដែលកម្របំផុត ហើយករណីដែលមេដឹកនាំកូរ៉េខាងជើង ហាក់បន្ទន់ឥរិយាបថតាមរយៈសារលិខិតនេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់ទំនាក់ទំនងនៃប្រជាជាតិកូរ៉េទាំងពីរនេះ។
ចំពោះខ្លឹមសារនៃលិខិតនេះ អ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាម៉េរិកក៏បានលើកឡើងថា ជាជំហានដ៏មានប្រយោជន៍សម្រាប់ទំនាក់ទំនងរដ្ឋទាំងពីរ។ ខណៈដែលអ្នកវិភាគអាម៉េរិកមួយចំនួនទៀតក៏បានលើកឡើងថា ការសូមទោសរបស់កូរ៉េខាងជើង ជាសកម្មភាពមិននឹកស្មានដល់ ដែលអាចជម្រុញទៅរកភាពវិជ្ជមានបន្ថែមទៀតសម្រាប់ទំនាក់ទំនងនៃរដ្ឋទាំងពីរ។
យ៉ាងណាក៏ដោយ ករណីនេះកូរ៉េខាងត្បូងនឹងនៅបន្តធ្វើការស៊ើបអង្កេត ហើយនឹងទាមទារឱ្យភាគីកូរ៉េខាងជើងសហការ ដើម្បីស្វែងរកពីមូលហេតុឱ្យកាន់តែច្បាស់អំពីករណីឧប្បតិវហេតុនេះ។