សេអ៊ូល៖ លោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងសាជាថ្មី ក្នុងឱកាសនាសន្ទរកថារបស់លោកនាកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ អំពីសំណើក្នុងការឈានទៅបញ្ចប់សង្គ្រាមកូរ៉េ រវាងបងប្អូនកូរ៉េទាំងពីរ។
លោកប្រធានាធិបតី មូន បានស្នើឱ្យសហគមន៍អន្តរជាតិ ជួយគាំទ្រដើម្បីអាចឱ្យប្រទេសកូរ៉េទាំងពីរឈានទៅរកការផ្សះផ្សា និងវិបុលភាព ក្នុងការបញ្ចប់នូវសង្គ្រាមកូរ៉េជាផ្លូវការ។ លោកមូន បានលើកឡើងក្នុងសន្ទរកថារបស់លោកថា «នេះជាពេលវេលាហើយ ដែលយើងត្រូវដកចេញនូវសោដនាធកម្មដែលមាននៅលើឧបទ្វីបកូរ៉េ។ សង្គ្រាមនេះត្រូវតែបញ្ចប់ ដើម្បីផលប្រយោជន៍ទាំងសងខាង។ … ឧបទ្វីបកូរ៉េគឺជាតំបន់ដែលត្រូវការខ្លាំងបំផុត នូវការចូលរួមគាំទ្ររបស់អង្គការសហប្រជាជាតិ ដើម្បីអាចឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក»។
គេមើលឃើញថា សំណើរបស់លោកប្រធានាធិបតី មូន នាពេលនេះ អាចជាការព្យាយាមយកប្រធានបទសន្តិភាពនៅលើឧបទ្វីបកូរ៉េ មកដាក់នៅលើរបៀបវារៈនៃស្ថាប័នប្រជាជាតិកំពូលមួយនេះ ក្រោយពីការប៉ុនប៉ងផ្សះផ្សា និងចរចារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង រួមនឹងសហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់នៅមានភាពជាប់គាំងជាបន្តបន្ទាប់។
នេះមិនមែនជាលើកដំបូងនោះទេ ដែលលោកប្រធានាធិបតី មូន បានលើកឡើងពីសំណើស្វែងរកសន្តិភាពក្នុងឧបទ្វីបកូរ៉េ។ កាលពីឆ្នាំ២០១៨ ក្នុងឱកាសនាកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លោក មូន ក៏បានសង្កត់ធ្ងន់ពីការសម្រេចឱ្យបាននូវការបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េទាំងពីរផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០២០នេះ ជាខួបទី ៧០ឆ្នាំ ចាប់តាំងពីការចាប់ផ្តើមផ្ទុះនូវសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ មក ដែលក្នុងឆ្នាំ ១៩៥៣ ភាគីជម្លោះទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ប៉ុន្តែមិនមែនជាកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាមជាផ្លូវការនោះទេ។


