សេអ៊ូល៖ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Sye-kyun បានថ្លែងឱ្យអជ្ញាធរ ស្ថាប័នពាក់ព័ន្ធ រួមនឹងសាធារណជនកូរ៉េទាំងអស់ បន្តអនុវត្តវិធានការគម្លាតសង្គមកម្រិត ២ ដោយប្រុងប្រយ័ត្ន ជាពិសេសក្នុងខណៈពេលដែលពិធីបុណ្យឈូស៊ុក (Chuseok Festival) ដែលនឹងចូលមកដល់នាប៉ុន្មានសប្តាហ៍ទៀតនេះ។
ថ្លែងនៅទីស្នាក់ការមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងរបស់កូរ៉េខាងត្បូង លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីករណីឆ្លងថ្មីនៅក្រៅពីតំបន់ប្រជុំជនក្រុងសេអ៊ូល ដែលមានត្រឹមតែ ២០ករណី ខណៈដែលករណីឆ្លងទូទាំងប្រទេសធ្លាក់ចុះមកក្រោម ១០០ ករណីជាលើកដំបូងក្នុងរយៈពេល ៣៨ ថ្ងៃចុងក្រោយ បង្ហាញពីលទ្ធផលវិជ្ជមាននៃការបន្តធ្លាក់ចុះករណីឆ្លងកូវីដ-១៩ ប៉ុន្តែគ្រប់ភាគីពាក់ព័ន្ធមិនត្រូវបន្ធូដៃនោះទេ ដោយសារករណីឆ្លងថ្មីមានការថយចុះពិតមែន តែនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។
ក្នុងនោះដែរ មន្ត្រីសុខាភិបាល រួមនឹងអជ្ញាធរផងក៏បានបន្តលើកឡើងពីការបន្តអនុវត្តឱ្យបានតឹងរ៉ឹងនូវវិធានការគម្លាតសង្គម មុន និងអំឡុងពេលនៃពិធីបុណ្យឈូស៊ុក Chuseok ដែលប្រជាជនកូរ៉េទូទាំងប្រទេសនឹងធ្វើដំណើរខ្វាត់ខ្វែងគ្រប់ទីកន្លែងទូទាំងប្រទេសកូរ៉ ដើម្បីជួបជុំគ្រួសារខ្លួន។
សូមបញ្ជាក់ក្នុងឆ្នាំ ២០២០ នេះ ពិធីបុណ្យឈូស៊ុកកូរ៉េ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២០ ខាងមុខ ខណៈដែលប្រជាជនទូទាំងប្រទេសអាចឈប់សម្រាកបាន៣ថ្ងៃ ពីថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី ២ តុលា ២០២០។