ព្រឹកនេះ សិស្សសាលាមួយចំនួននៅសេអ៊ូល និងតំបន់ប្រជុំជនជុំវិញ អាចមករៀនក្នុងថ្នាក់ផ្ទាល់វិញហើយ ក្រោយហានិភ័យនៃជម្ងឺកូវីដធ្លាក់ចុះ

សេអ៊ូល៖ សិស្សសាលានៅក្នុងទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញ បានត្រឡប់មកសាលារៀនវិញនៅព្រឹកថ្ងៃចន្ទនេះ ក្រោយពីវិធានការរឹតបន្តឹងដោយឱ្យធ្វើការសិក្សាតាមប្រព័ន្ធអនឡាញ ត្រូវបានបញ្ចប់កាលពីថ្ងៃទី ២០ កញ្ញា ម្សិលមិញនេះ។

វិធានការថ្មី ដែលតម្រូវឱ្យសិស្សអាចត្រឡប់មកសាលារៀនផ្ទាល់វិញនេះ នឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី ១១​ ខែតុលាខាងមុខ ខណៈពេលដែលវិធានការគម្លាតសង្គមនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញត្រូវបានបន្ថយពីកម្រិត ២.៥ មកនៅត្រឹមកម្រិត ២ ប៉ុណ្ណោះ។

អនុវត្តទៅតាមវិធានការថ្មីនេះ សាលារៀននៅទូទាំងប្រទេសត្រូវធ្វើការកម្រិតចំនួនសិស្សដែលរៀនក្នុងថ្នាក់ នៅត្រឹម ១/៣ នៃចំនួនសិស្សសរុបសម្រាប់ថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ ហើយ ២/៣ នៃចំនួនសិស្សសរុបសម្រាប់ថ្នាក់វិទ្យាល័យ ដើម្បីធានានូវវិធានការគម្លាតសង្គមបន្តអនុវត្ត។ យ៉ាងណាមិញ នៅតាមតំបន់មួយចំនួនដែលហានិភ័យនៃការចម្លងមេរោគកូរ៉ូណាមានភាពល្អប្រសើរច្រើននោះ ដូចជានៅកោះជេជូ អាចបង្កើនចំនួនសិស្សទៅប្រហែល ២/៣ នៃចំនួនសិស្សសរុបបាន ដោយប្រុងប្រយ័ត្ន។

សូមបញ្ជាក់ថា សិស្សសាលាទាំងអស់នៅតាមតំបន់ប្រជុំជនធំៗ ត្រូវបានតម្រូវឱ្យធ្វើការសិក្សាតាមប្រព័ន្ធអនឡាញចាប់តាំងពីថ្ងៃទី ២៦ សីហា រហូតដល់ថ្ងៃទី ១១ កញ្ញាកន្លងមក ដោយសារការបន្តកើនឡើងនៃជម្ងឺកូវីដ-១៩ ដែលបានឆ្លងជាសហគមន៍ ហើយវិធានការនេះ ត្រូវបានពន្យាបន្ដដល់ថ្ងៃទី ២០ ខែកញ្ញា ម្សិលមិញនេះ។

យ៉ាងណាមិញ មាតាបិតាសិស្សជាច្រើនក៏បានបង្ហាញពីការព្រួយបារម្ភនៃការបង្កើនគម្លាតនៃការអប់រំ ដោយសារសិស្សមួយចំនួនអាចមានឱកាសទៅសិក្សានៅសាលារៀនផ្ទាល់ ខណៈសិស្សមួយចំនួនទៀតមិនទាន់អាចទៅសិក្សានៅតាមសាលារៀនបាននោះ ដែលនាំឱ្យពួកគេពិបាកចាប់យកមេរៀនដែលគ្រូបង្រៀន។

ក្រសួងអប់រំកូរ៉េបានលើកឡើងថា ខ្លួននឹងបន្តពិនិត្យមើលស្ថានការណ៍នៃការចម្លងមេរោគកូរ៉ូណានេះ រហូតដល់សប្តាហ៍ទីពីរនៃខែតុលាខាងមុខ ដើម្បីអាចសម្រេចចិត្តបានថា គួរបើកសាលារៀនជាធម្មតាវិញ ឬយ៉ាងណា។

 

Leave a Reply

Your email address will not be published.