កូរ៉េខាងត្បូង៖ ផ្លូវ Paju Trail ដែលជាផ្លូវសម្រាប់ដើរទស្សនកិច្ចនៅតំបន់ព្រំដែនគ្មានកងទ័ពរបស់កូរ៉េទាំងពីរ នឹងត្រូវប្រកាសដាក់ឱ្យដំណើរការវិញចាប់ពីសប្តាហ៍ក្រោយនេះវិញ ក្រោយពីបានផ្អាកដំណើរការអស់ជាង ១១ខែកន្លងមកដោយសារករណីជម្ងឺបេស្តជ្រូក ដែលបានកើតនៅតំបន់ក្បែរព្រំដែនកន្លងមក។
រដ្ឋបាលក្រុងបា៉ជូ (Paju) នៃខេត្តឃ្យ៉ុងគី ដែលនៅប្រមាណជាង ៣០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានលើកឡើងថានឹងបើកផ្លូវដើរនេះឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរណ៍អាចធ្វើដំណើរទស្សនកិច្ចនៅតាមតំបន់ព្រំដែនកូរ៉េទាំងពីរចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយទៅ។
តែដោយសារហានិភ័យនៃជម្ងឺកូវីដ-១៩ ការបើកឱ្យមានដំណើរទស្សនកិច្ចតាមផ្លូវនេះ នឹងត្រូវកម្រិតចំនួនអ្នកទស្សនាមកត្រឹម ២០ នាក់ចុះក្រោមប៉ុណ្ណោះសម្រាប់ការធ្វើដំណើរមួយជើង ហើយក្នុងមួយថ្ងៃនឹងបើកទទួលអ្នកទស្សនាតែ ១០ ជើងប៉ុណ្ណោះ។ ក្នុងនោះដែរ រដ្ឋបាលក្រុងប៉ាជូ ក៏បានរៀបចំនូវវិធានការការងារ និងវិធានការអនាម័យដទៃទៀតចាំបាច់ ដើម្បីបង្ការពីហានិភ័យនៃការចម្លងមេរោគកូរ៉ូណាផងដែរ។

ផ្លូវ Paju Trail នេះជាផ្លូវធ្វើដំណើរមួយ ក្នុងចំណោមផ្លូវបីខែ្ស ដែលត្រូវបានបើកឱ្យសាធារណជនអាចទទួលបានបទពិសោធន៍ធ្វើដំណើរតាមតំបន់ព្រំដែនគ្មានកងទ័ព ដែលកូរ៉េខាងត្បូងបានបើកសម្រាប់សាធារណជនកាលពីឆ្នាំមុន។ ផ្លូវនេះមានប្រវែង ២០ គីឡូម៉ែត្រក្នុងការធ្វើដំណើរមួយជុំ។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចធ្វើការកក់កន្លែងសម្រាប់ធ្វើទស្សនកិច្ចមុន តាមរយៈគេហទំព័រ https://www.dmz.go.kr/ ដើម្បីអាចទទួលបានបទពិសោធន៍ធ្វើដំណើរនៅតាមតំបន់ព្រំដែនដែលគ្មានកងទ័ពរបស់កូរ៉េទាំងពីរនេះ។

សូមបញ្ជាក់ថា តំបន់ព្រំដែនគ្មានកងទ័ពរបស់កូរ៉េ លាតសន្ធឹងលើផ្ទៃដីប្រវែងជាង ២៥០ គីឡូម៉ែត្រ និងមានទទឹង ៤ គីឡូម៉ែត្រ ហើយក៏ជាតំបន់ព្រំដែនដែលមានការយាមកាមតឹងរ៉ឹងបំផុតផងដែរ ក្រោយពីកូរ៉េទាំងពីរបានផ្ទុះសង្គ្រាមកូរ៉េប្រឆាំងគ្នាតាំងពីឆ្នាំ ១៩៥០-១៩៥៣ មក។ រហូតមកដល់បច្ចុប្បន្ននេះ សង្គ្រាមកូរ៉េនេះ មិនទាន់មានសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្គ្រាមដោយផ្លូវការនោះទេ។

