សហរដ្ឋអាម៉េរិកចេញបញ្ជាថ្មី បិទការទាញយកកម្មវិធី TikTok និង WeChat ថ្មីពីក្នុង App Store និង Play Store ចាប់ពីថ្ងៃអាទិត្យនេះទៅ

សហរដ្ឋអាម៉េរិកបានដាក់បទបញ្ជាឱ្យបិទការទាញយកថ្មី សម្រាប់កម្មវិធី TikTok និង WeChat របស់ចិនដោយត្រូវអនុវត្តចាប់ពីថ្ងៃអាទិត្យនេះ!!

នាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក (DoC) បានប្រកាសថា ចាប់ពីថ្ងៃទី២០ ខែកញ្ញា នេះទៅ កម្មវិធី TikTok និង WeChat នឹងត្រូវបានបិទលែងឱ្យមានការទាញយកបាន ទាំងក្នុងប្រព័ន្ធប្រតិបត្តិការ Apple និង Android។ នេះមានន័យថាកម្មវិធីទាំងពីរនេះនឹងត្រូវបានដកចេញពី App Store និង Play Store របស់ប្រព័ន្ធប្រតិបត្តិការធំៗទាំងពីរនេះ ហើយបទបញ្ជានេះក៏បានហាមឃាត់លែងឱ្យមានការផ្ញើលុយជាមួយនឹងកម្មវិធី WeChat ផងដែរ។

ការបិទកម្មវិធីទាំងពីរនេះគឺក្រោយពីលោក ប្រធានាធិបតី ដូណា ត្រាំ (Donald Trump) បានប្រកាសកាលពីខែសីហាថា លោកនឹងបិទកម្មវិធីនេះ ប្រសិនបើកម្មវិធី TikTok មិនត្រូវបានលក់ទៅឱ្យក្រុមហ៊ុនណាមួយរបស់សហរដ្ឋអាមេរិកទេនោះ ដោយលោកបានចោទប្រកាន់ថាកម្មវិធីនេះអាចប្រមូលទិន្នន័យរបស់ប្រជាពលរដ្ឋខ្លួនឱ្យទៅប្រទេសចិន ដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពសង្គម កិច្ចការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

នាយកដ្ឋានពាណិជ្ជកម្មនេះក៏បានឱ្យដឹងផងដែរថា ការបិទឈប់ឱ្យមានការទាញយកនៅថ្ងៃទី២០ នេះគឺជាជំហានទីមួយប៉ុណ្ណោះ ហើយប្រជាជនអាមេរិកនៅតែអាចប្រើកម្មវិធីទាំងពីរបាន ប៉ុន្តែពួកគេមិនអាចទាញយកបានជាថ្មី ឬក៏អាចធ្វើបច្ចុប្បន្នភាពជាមួយនឹងកម្មវិធីទាំងនេះបានទៀតឡើយ។ នៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះនាយកដ្ឋាននឹងដាក់ចេញនូវបទបញ្ជាថ្មី ដែលអាចនាំឱ្យមានការហាមឃាត់ឈប់ឱ្យប្រើប្រាស់កម្មវិធី TikTok ទាំងស្រុងទៀតផង ប្រសិនបើក្រុមហ៊ុនពុំមានដំណោះស្រាយ ទាក់ទងនឹងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីសន្តិសុខជាតិនោះទេ៕

ខ្លឹមសារទាំងស្រុងពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Leave a Reply

Your email address will not be published. Required fields are marked *