រដ្ឋាភិបាលកូរ៉េអនុញ្ញាតឱ្យព្រះវិហារៗនៅសេអ៊ូល និងតំបន់ជុំវិញ អាចធ្វើសកម្មភាពសាសនាជួបជុំផ្ទាល់មានអ្នកចូលរួមតិចជាង ៥០នាក់ចុះក្រោម

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានយល់ព្រមជាមួយក្រុមអ្នកតំណាងបណ្តាសាសនានានានៅកូរ៉េ ក្នុងការបន្ធូរបន្ថយវិធានការរឹតបន្តឹងសកម្មភាពជួបជុំសាសនានៅតាមវិហារសាសនា ចាប់ពីសប្តាហ៍នេះទៅ ដោយស្របទៅតាមវិធានការទូទៅទូទាំងប្រទេសដែលបន្ថយការរឹតត្បិតគម្លាតសង្គម ដើម្បីបង្ការជម្ងឺកូវីដ-១៩។

ក្រោមវិធានការថ្មីនេះ ព្រះវិហារដែលមានទំហំធំទូលាយ ដែលអាចដាក់មនុស្សបានដល់ ៣០០នាក់ឡើងទៅ ត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពសាសនាវិញ ប៉ុន្តែត្រូវមានចំនួនអ្នកចូលរួមផ្ទាល់តែត្រឹមពី ២០ ទៅ ៥០នាក់ចុះក្រោមប៉ុណ្ណោះ ដើម្បីអាចធ្វើជាវីដេអូតាមអនឡាញ ដល់អ្នកប្រតិបត្តិសាសនាដទៃទៀត។ ការដាក់ចេញវិធានការថ្មីនេះ ក្រោយពីសកម្មភាពជួបជុំសាសនាទាំងអស់នៅតាមព្រះវិហារ ក្នុងទីក្រុងសេអ៊ូល និងតំបន់ទីប្រជុំជនជុំវិញត្រូវបានផ្អាកហាមឃាត់តាំងពីពាក់កណ្តាលខែសីហាមកម្លេះ ដោយសារការបន្តកើនឡើងនៃជម្ងឺកូវីដ-១៩ ដែលឆ្លងជាសហគមន៍ ជាពិសេសករណីដែលមានប្រភពចេញពីព្រះវិហារសាសនាគ្រឹស្តតែម្តង។

ក្រោមវិធានការថ្មីនេះ នឹងមានព្រះវិហារទូទាំងក្រុងសេអ៊ូល និងតំបន់ជុំវិញប្រមាណពី ១០ ទៅ ២០ ភាគរយ ក្នុងចំណោមព្រះវិហារសាសនាទាំងអស់ជាង ២៥០០០ ព្រះវិហារ ដែលអាចរៀបចំធ្វើសកម្មភាពសាសនាបានដោយមានចំនួនអ្នកចូលរួមកំណត់បែបនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីដើមសប្តាហ៍នេះមក រដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការរឹតបន្តឹងនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញពីកម្រិត ២.៥ មកកម្រិត ២ វិញ ក្រោយពីអជ្ញាធរសុខាភិបាលសង្កេតឃើញថាករណីឆ្លងជាសហគមន៍ជាពិសេស ហាក់មានការថយចុះគួរឱ្យកត់សម្គាល់។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *