សេអ៊ូល៖ រដ្ឋមន្ត្រីរួបរួមជាតិកូរ៉េខាងត្បូង លោក Lee In-young នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងព្រំដែនអន្តរកូរ៉េ នៅភូមិ Panmunjom នៅសប្តាហ៍នេះ ដើម្បីពិនិត្យមើលស្ថានការណ៍តំបន់ព្រំដែនអន្តរកូរ៉េជាលើកដំបូង ចាប់តាំងពីបានឡើងកាន់តំណែងក្នុងខែកក្កដាកន្លងមក។
ការធ្វើដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃពុធនេះ ដែលលោករដ្ឋមន្ត្រីនឹងទស្សនកិច្ចទីតាំងផ្សេងៗដែលបានបើកសម្រាប់ទេសចរណ៍នៅភូមិប្រវត្តិសាស្រ្តអន្តរកូរ៉េនេះ បើតាមការលើកឡើងរបស់តំណាងក្រសួងកាលពីថ្ងៃអង្គារម្សិលមិញ។
ក្នុងនោះដែរ លោករដ្ឋមន្ត្រី Lee ក៏នឹងគ្រោងធ្វើសន្និសីទសារព័ត៌មាននៅទីនោះ ដែលជាទីតាំងមេដឹកនាំកូរ៉េទាំងពីរ លោក គីម ជុងអ៊ុន និងលោកមូន ជេអ៊ីន បានជួបគ្នាផ្ទាល់ និងបានដាំដើមស្រល់ជានិមិត្តរូបនៃការចរចាសន្តិភាពរវាងមេដឹកនាំទាំងពីរកាលពីឆ្នាំ២០១៨ កន្លងមក។ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសំខាន់មួយចំនួនដែលបានសម្រេចនាពេលនោះ រួមមានសេចក្តីថ្លែងការណ៍រួមទីក្រុងព្យ៉ុងយ៉ាង និងកិច្ចព្រមព្រៀងផ្នែកយោធាផងដែរ ដែលកាលនោះបានជួយសម្រាលដល់ភាពតានតឹងផ្នែកយោធានៃប្រទេសកូរ៉េទាំងពីរ។

ប្រធានបទនៃទស្សនកិច្ចសំខាន់មួយទៀតគឺការចុះពិនិត្យមើលស្ថានភាពនៃកម្មវិធីដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនគ្មានកងទ័ពរបស់កូរ៉េទាំងពីរនេះផងដែរ។ កម្មវិធីទស្សនកិច្ចនេះត្រូវបានរៀបចំ ដើម្បីអាចឱ្យភ្ញៀវទេសចរណ៍ និងប្រជាជនស៊ីវិលទូទៅ អាចទៅទស្សនកិច្ចនៅភូមិ Panmunjom ដែលជាភូមិប្រវត្តិសាស្រ្តរវាងកូរ៉េទាំងពីរផងដែរ។ កម្មវិធីនេះត្រូវបានផ្អាកកាលពីខែតុលាឆ្នាំ ២០១៩ កន្លងទៅ ដោយសារមានការឆ្លងរាលដាលនៃជម្ងឺបេស្តជ្រូកអាហ្វ្រិកនៅជិតព្រំដែនកូរ៉េខាងជើង ហើយក្រោយមកទៀតដោយសារហានិភ័យនៃការចម្លងជម្ងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ នេះ។

