បេសកកម្មការទូតសេដ្ឋកិច្ចថ្មី របស់ស្ថានទូតកម្ពុជានៅកូរ៉េ! លោក ឡុង ឌីម៉ង់៖ ឆាប់ៗនេះ ក្រុមហ៊ុនកូរ៉េនឹងនាំចូលម្ទេសពីកម្ពុជា មកទីផ្សារកូរ៉េ

គីមហេ៖ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ និងក្រុមការងារបានចុះបំពេញបេសកកម្មការទូតសេដ្ឋកិច្ចថ្មី លើផ្នែកកសិកម្ម និងសុខាភិបាលនៅទីក្រុងគីមហេ បើតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកឯកអគ្គរាជទូតផ្ទាល់នាព្រឹកថ្ងៃទី ១៥ កញ្ញា ២០២០នេះ។

ក្រុមការងារដឹកនាំដោយលោកទូតផ្ទាល់បានចុះទៅទីក្រុងគីមហេ និងបានចូលជួបសំដែងការគួរសម ពិភាក្សាការងារជាមួយអភិបាលក្រុង Miryang មីលយ៉ាង ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម សំដៅលើកស្ទួយសុខុមាលភាពរស់នៅរបស់ប្រជាជនខ្មែររស់នៅតំបន់កសិកម្មដ៏ធំនេះ។ ជាលទ្ធផលគាប់ប្រសើរ លោកអភិបាលក្រុង​បានសាទរ និងយល់ព្រមចំពោះសំណើរបស់ក្រុមការងារស្ថានទូតកម្ពុជា។

 

 

ក្នុងនោះដែរ ក្រុមការងារក៏បានចុះពិនិត្យកន្លែងរោងចក្ររបស់រដ្ឋសម្រាប់ជួលម៉ាស៊ីន និងឧបករណ៍កសិកម្ម និងផ្តល់ជី អោយប្រជាជនដែលពុំមានលទ្ធភាពទិញ សម្រាប់បង្កើនទិន្នផលរបស់កសិករ ព្រមទាំងបានចុះទៅសួរសុខទុក្ខសំណេះសំណាលជាមួយថៅកែ និងពលករខ្មែរយើងដែលកំពុងបម្រើការងារនៅកសិដ្ឋានដាំផ្លែស្រ្តូបឺរី និងម្ទេសប្រកបដោយបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង។

ជាលទ្ធផលពីបេសកកម្មការទូតសេដ្ឋកិច្ចថ្មីនេះ លោកទូតក៏បានបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខនៅពេលដែលស្ថានភាពកូវីដ-១៩ ប្រសើរឡើងនោះ ក្រុមហ៊ុនកូរ៉េ ១ ដែលនៅកម្ពុជា នឹងមានបំណងនាំចូលម្ទេសពីកម្ពុជាមកក្នុងទីផ្សារកូរ៉េផងដែរ។

លោក ឡុង ឌីម៉ង់ ជាមួយនឹងថៅកែកូរ៉េ រួមនឹងពលករខ្មែរ

 

 

Leave a Reply

Your email address will not be published. Required fields are marked *