សេអ៊ូលនៅបន្តរឹតត្បិតមិនឱ្យមានរៀបចំការតវ៉ាសាធារណៈ ដែលមានសមាជិក ១០នាក់ ឡើងទៅ ដោយបារម្ភពីហានិភ័យនៃកូវីដ-១៩

សេអ៊ូល៖ សាលាក្រុងសេអ៊ូលបានប្រកាសជាថ្មីពីការបន្តអនុវត្តបម្រាមជួបជុំធ្វើការតវ៉ានានាដែលមានអ្នកចូលរួមចាប់ពី ១០ នាក់ឡើងទៅ បើទោះជារដ្ឋាភិបាលបានបន្ថយនូវវិធានការគម្លាតសង្គមមកត្រឹមកម្រិត ២ វិញហើយក៏ដោយ។

ការបន្តអនុវត្តបម្រាមជួបជុំនេះ គឺសម្រាប់ការជួបជុំតវ៉ានានាដែលមានអ្នកចូលរួមចាប់ពី ១០ នាក់ឡើងទៅនៅក្នុងទីក្រុងសេអ៊ូល ដែលនឹងបន្តហាមឃាត់រហូតដល់ថ្ងៃទី ១១ ខែតុលា ២០២០។ បម្រាមនេះជាផ្នែកពិសេសនៃវិធានការគម្លាតសង្គមកម្រិតធ្ងន់ធ្ងរជាងគេកម្រិត ៣ ដែលបានដាក់ចេញកន្លងមក បើទោះជាវិធានការគម្លាតសង្គមត្រឹមកម្រិត ២.៥ ប៉ុណ្ណោះ​ ត្រូវបានរដ្ឋាភិបាលដាក់ឱ្យអនុវត្តកន្លងមក ហើយត្រូវបាន​បន្ធូរបន្ថយកាលពីម្សិលមិញ។

បើទោះជាប្រតិបត្តិការទូទៅផ្សេងៗក្នុងទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញ ហាក់ត្រឡប់មកស្ថានភាពដូចដើមវិញច្រើន ប៉ុន្តែរដ្ឋាភិបាលនៅបន្តរក្សាសិទ្ធិអនុវត្តវិធានការតឹងរ៉ឹងពិសេសសម្រាប់ទីតាំង ឬការអនុវត្តណាមួយដែលមានហានិភ័យចម្លងមេរោគកូរ៉ូណាខ្លាំង ដែលក្នុងនោះរួមបញ្ចូលទាំងការធ្វើការតវ៉ាសាធារណៈនានាដែលមានអ្នកចូលរួមពី ១០ នាក់ឡើងនេះផងដែរ។

ការតវ៉ាកាលពីពាក់កណ្តាលខែសីហា នៅកណ្តាលទីក្រុងសេអ៊ូល ដែលបានបណ្តាលឱ្យមានករណីឆ្លងកូវីដ-១៩ ជាសហគមន៍ជាច្រើន

បម្រាមលើការចេញតវ៉ាជាសាធារណៈនេះ ត្រូវបានដាក់ឱ្យអនុវត្តតាំងពីថ្ងៃទី ២១ សីហា ២០២០ កន្លងទៅ ក្រោយពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលមួយដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីពាក់កណ្តាលខែសីហា បាននាំឱ្យមានករណីឆ្លងជាសហគមន៍រាប់រយនាក់ ក្នុងចំណោមអ្នកចូលរួម និងឆ្លងបន្តទៅទូទាំងប្រទេស។ ក្នុងនោះ គេបានរកឃើញដល់ ៥៧៩ ករណីកូរ៉ូណា ដែលមានប្រភពជាប់ពាក់ព័ន្ធចេញពីការតវ៉ានោះ រួមមានទាំងកម្លាំងប៉ូលីសដែលបានសម្រួលសន្តិសុខនាអំឡុងពេលតវ៉ានោះផងដែរ គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុន បើតាមតួលេខផ្តល់ឱ្យមជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លងរបស់កូរ៉េ។

បើគិតត្រឹមថ្ងៃអង្គារនេះ ក្នុងទីក្រុងសេអ៊ូលមានករណីឆ្លងកូរ៉ូណាដល់ ៤៣១១ ករណី ខណៈករណីឆ្លងទូទាំងប្រទេសមានដល់ ២២៣៩១ ករណី ដែលក្នុងនោះករណីកំពុងដែលបានព្យាបាលជាទាំងស្រុងមាន ១៨៨៧៨ករណី។

គ្រូពេទ្យកំពុងព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យមួយនៅស៊ូវ៉ុន

 

Leave a Reply

Your email address will not be published. Required fields are marked *