ចែករំលែកផង! ពលករខ្មែរអាចស្នើសុំលិខិតបញ្ជាក់ចត្តាឡីស័កនៅសេអ៊ូល និងតំបន់ជុំវិញបានវិញហើយ ក្រោយគម្លាតសង្គមបន្ថយមកកម្រិត ២​​ វិញ

សេអ៊ូល៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹងអំពីការអនុញ្ញាតបើកការដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ធ្វើចត្តាឡីស័កបានវិញ ចំពោះតំបន់ដែលស្ថិតនៅទីក្រុងសេអ៊ូល ក្យង់គីដូ និងអ៊ីនឆន់។

បើយោងតាមការប្រកាសថ្មីនេះ ឥឡូវនេះពលករ-ពលការិនីអាចធ្វើការដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ធ្វើចត្តាឡីស័កបាន ចំពោះតំបន់ដែលស្ថិតនៅទីក្រុងសេអ៊ូល ក្យង់គីដូ និងអ៊ីនឆន់ តាមធម្មតាវិញហើយ នៅមជ្ឈមណ្ឌលEPS កម្ពុជា។ ការអនុញ្ញាតឱ្យដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ចត្តាឡីស័កសម្រាប់សម្រាប់តំបន់ទាំងនេះវិញ គឺស្របទៅការដកចេញនូវវិធានការរឹតត្បិតគម្លាតសង្គមក្នុងតំបន់ទីប្រជុំជនជុំវិញទីក្រុងសេអ៊ូល ពីកម្រិត ២.៥ មកនៅកម្រិត ២ វិញ ក្រោយពីករណីនៃការឆ្លងកូវីដ-១៩ ក្នុងតំបន់នេះហាក់មានភាពធូរស្បើយវិញនោះ។

សូមជម្រាបថា ដើម្បីទប់ស្កាត់ការនាំចូលកូវីដ-១៩ ពីខាងក្រៅ កូរ៉េខាងត្បូង​បានតម្រូវឱ្យរាល់ការធ្វើដំណើរចូលក្នុងប្រទេសខ្លួន អ្នកធ្វើដំណើរត្រូវបញ្ជាក់ជាមុនអំពីទីតាំងសម្រាប់ធ្វើចត្តាឡីស័កខ្លួនឯង ១៤ ថ្ងៃសិន មុននឹងអាចដើរហើរបានដោយសេរី។

ក្នុងនោះដែរ មជ្ឈមណ្ឌលក៏បានជូនដំណឹងដល់ពលករ-ពលការិនីផងដែរថា មជ្ឈមណ្ឌលនឹងមិនអាចធ្វើការទទួលពាក្យ ឬចេញលិខិតបញ្ជាក់ចត្តាឡីស័កជូនបានទេ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី ១៦-២១ ខែកញ្ញា។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខៈ 023 997 844 / 023 997 855

 

 

Leave a Reply

Your email address will not be published. Required fields are marked *