ជំនន់ទឹកភ្លៀងប៉ុន្មានសប្តាហ៍ចុងខែកក្កដា ដល់សីហា នាំឱ្យកូរ៉េខាងត្បូងមានការខូចខាតទំហំដល់ជាង ៨៥០ លានដុល្លារ ឯណោះ

កូរ៉េខាងត្បូង៖ ភ្លៀងធ្លាក់ និងទឹកជំនន់ជាបន្តបន្ទាប់កាលពីចុងខែកក្កដា ដល់សីហាកន្លងមក បានបណ្តាលឱ្យកូរ៉េខាងត្បូងខូចខាតទ្រព្យសម្បត្តិផ្សេងៗ បើគិតជាទឹកប្រាក់ដល់ជាង ១ ទ្រីលានវ៉ុន (ប្រមាណ ៨៤២លានដុល្លារ) ឯណោះ បើតាមការបញ្ជាក់ក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃកូរ៉េ។

របាយការណ៍វាយតម្លៃនេះរាប់បញ្ចូលនូវផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ដែលបានវាយលុកកូរ៉េខាងត្បូងតាំងពីថ្ងៃទី ២៨ កក្កដា ដល់ ១១សីហាកន្លងមក ដែលមានទំហំប៉ះពាល់ដល់ ១.៣០៧ ទ្រីលានវ៉ុន ក្នុងនោះមួយភាគធំគឺប៉ះពាល់ខូចខាតទ្រព្យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រមាណជាង ៩៣៦.៦ ប៊ីលានវ៉ុន និងទ្រព្យសម្បត្តិឯកជនប្រមាណ ១០០.៨ ប៊ីលានវ៉ុនផងដែរ។

ទំហំនៃការខូចខាតនេះ មានសភាពធ្ងន់ធ្ងរជាងគេ បើគិតតាំងពីឆ្នាំ២០០៦មក ក្នុងអំឡុងពេលនៃព្យុះទីហ្វុងអេវីណា ដែលបានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិដល់ជាង ១.៨៣៥ ទ្រីលានវ៉ុនឯណោះ។

ទិដ្ឋភាពនៃការលិចលង់ពីជំនន់ទឹកភ្លៀងនាពេលកន្លងមក

សម្រាប់ការខូចខាតទំហំដ៏ធំនេះ រដ្ឋាភិបាលកូរ៉េបានគៀងគរកញ្ចប់ថវិកាដល់ ៣.៤៣ ទ្រីលានវ៉ុន សម្រាប់ជួសជុល និងកែលម្អការខូចខាតប៉ះពាល់ពីឥទ្ធិពលនៃទឹកជំនន់នេះ ដែលក្នុងនោះប្រមាណ ៣.២៦ ទ្រីលានវ៉ុន ត្រូវដាក់សម្រាប់ជួសជុលការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា និង១.៦៤ ទ្រីលានវ៉ុនទៀតសម្រាប់ជួសជុល និងកែលម្អដល់ការខូចខាតឯកជនផងដែរ។

សូមបញ្ជាក់ថា ជាទូទៅរដ្ឋាភិបាលកូរ៉េបញ្ចេញកញ្ចប់លុយសម្រាប់ជួសជុល និងកែលម្អការខូចខាតច្រើនជាងប្រហែលពី ២.៥ដង ទៅ ៣ដង នៃទំហំខូចខាតសរុប។

ក្នុងនោះដែរ ទំហំខូចខាតពីសំណាក់ព្យុះទីហ្វុងម៉ៃសាក់ និងហៃសេនកន្លងមកថ្មីៗនេះ ក៏នឹងត្រូវបានវាយតម្លៃនាពេលខាងមុខនេះផងដែរ។

ទិដ្ឋភាពនៃការលិចលង់ពីជំនន់ទឹកភ្លៀងនាពេលកន្លងមក

 

 

Leave a Reply

Your email address will not be published. Required fields are marked *