ក្រោយករណីកូវីដថ្មីហាក់ថយចុះ សេអ៊ូលនឹងបន្ថយការរឹតត្បិត អនុញ្ញាតឱ្យភោជនីយដ្ឋាន ហាងកាហ្វេ ដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃចន្ទនេះ

សេអ៊ូល៖ កូរ៉េខាងត្បូងនឹងដកចេញវិធានការរឹតត្បិតប្រតិបត្តិការពាណិជ្ជកម្មតាមបណ្តាភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងមួយចំនួនទៀតក្នុងទីក្រុងសេអ៊ូល និងតំបន់ទីប្រជុំជនជុំវិញ ក្រោយពីរដ្ឋាភិបាលប្រកាសបញ្ចប់វិធានការរឹតបន្តឹងគម្លាតសង្គមកម្រិត ២.៥ ត្រឹមយប់ថ្ងៃអាទិត្យ ឆ្លងចូលថ្ងៃចន្ទព្រឹកនេះ។

ការប្រកាសដកចេញវិធានការរឹតត្បិតកម្រិត ២.៥ នេះត្រូវបានធ្វើឡើងក្រោយពីគេឃើញថាចំនួននៃករណីឆ្លងមេរោគកូរ៉ូណាថ្មី ហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែលបញ្ជាក់បានអំពីប្រសិទ្ធភាពនៃការអនុវត្តវិធានការគម្លាតសង្គមនេះនាពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

បើតាមអជ្ញាធរសុខាភិបាលកូរ៉េ ការបន្ធូរបន្ថយនេះនឹងត្រូវអនុវត្តសាកល្បងក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ ចាប់ផ្តើមពីថ្ងៃចន្ទនេះ ដែលមានន័យថាតំបន់សេអ៊ូល និងទីប្រជុំជនជុំវិញទាំងអស់នឹងត្រូវអនុវត្តវិធានការគម្លាតសង្គមកម្រិត ២ វិញ ដូចទៅនឹងតំបន់ផ្សេងៗទៀតទូទាំងប្រទេសវិញ រហូតដល់ថ្ងៃទី ២៧ ខែកញ្ញា ២០២០។ បណ្តាភោជនីយដ្ឋាន ហាងកាហ្វេ និងហាងដទៃទៀតនឹងត្រូវបានអនុញ្ញាតឱ្យមានប្រតិបត្តិការជាធម្មតា ប៉ុន្តែនឹងនៅតែបន្តអនុវត្តវិធានអនាម័យផ្សេងៗជាចាំបាច់ រួមទាំងការបន្តរក្សាកំណត់ត្រាភ្ញៀវដែលចូលទៅក្នុងហាងផងដែរ។

ទីតាំងហាងកាហ្វេមួយកន្លែង ដែលត្រូវមិនអនុញ្ញាតឱ្យមានអ្នកចូលផឹកក្នុងហាងបាន អំឡុងពេលនៃការអនុវត្តវិធានការគម្លាតសង្គម ២.៥

ក្នុងវិធានការគម្លាតសង្គមកម្រិតទី២នេះ ប្រជាជនអាចធ្វើសកម្មភាពប្រចាំថ្ងៃនានាបានដូចធម្មតា លើកលែងតែការជួបជុំគ្នាជាសាធារណៈលើសពីចំនួន ១០០នាក់ឡើងទៅ ខណៈការប្រកួតកីឡានានាមិនអាចមានអ្នកចូលទស្សនាបាន ហើយការជួបជុំក្នុងទីតាំងបិទជិត មិនអនុញ្ញាតសម្រាប់មនុស្សលើសពី ៥០នាក់ឡើងទៅ។ ក្នុងនោះដែរ ទីតាំងផ្សេងៗដូចជាបន្ទប់ខារ៉ាអូខេ ក្លឹបកម្សាន្ត ហាងប៊ូហ្វេ ត្រូវបន្តផ្អាកដំណើរការជាបន្តទៀត។

ផ្លូវមួយនៅកណ្តាលទីក្រុងសេអ៊ូល សឹងតែមិនមានមនុស្ស

ក្នុងនោះដែរ បើទោះជាមានការបន្ធូរបន្ថយមកវិញមួយចំនួន រដ្ឋមន្ត្រីសុខាភិបាលកូរ៉េក៏បានបញ្ជាក់ថា ទីតាំងដែលបន្តមានហានិភ័យនៃការឆ្លងខ្ពស់នឹងបន្តស្ថិតនៅក្នុងការតាមដាន និងរឹតត្បិតសកម្មភាពផ្សេងៗរហូតដល់មានការប្រែប្រួលថ្មីទៀតផងដែរ។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងបន្តមានករណីជម្ងឺកូវីដឆ្លងថ្មី តិចជាង ២០០ ករណី ក្នុងរយៈពេល១១ថ្ងៃជាប់គ្នា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ។ យ៉ាងណាមិញ ករណីឆ្លងប្រចាំថ្ងៃមិនទាន់ឃើញមានទំនោរធ្លាក់ចុះនោះទេ ហើយក៏នៅមានករណីមួយចំនួនឆ្លងជាសហគមន៍ផងដែរ ប៉ុន្តែការបារម្ភអំពីផលប៉ះពាល់ទៅលើសេដ្ឋកិច្ច ជាបញ្ហាចម្បងដែលជម្រុញឱ្យមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងនេះ។

ប្រជាជនកូរ៉េខាងត្បូងពាក់ម៉ាស់នៅតាមមធ្យោបាយធ្វើដំណើរសាធារណៈ

 

Leave a Reply

Your email address will not be published. Required fields are marked *