ភ្នំពេញ៖ បន្ទាប់ពីបើកការចរចាអស់រយៈពេលច្រើនខែ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល បានសម្រេចចុងក្រោយ ដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។
ការតំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវបានធ្វើឡើងដោយមានការចូលរួមជជែកដេញដោល ពិភាក្សាជាមួយភាគថៅកែរោងចក្រ ក៏ដូចជាភាគីតំណាងសហជីពផងដែរ។
ជាមួយនឹងប្រាកឈ្នួលអប្បបរមាថ្មីនេះ បើទោះជាមានការតម្លើងបានតិចតួចស្តួចស្តើងក៏ពិតមែន តែបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើកម្មករនិយោជិតទាំងឡាយ មិនថានៅក្នុងបរិការណ៍ដ៏លំបាកនៃជម្ងឺកូវីដនោះទេ ដែលប្រទេសទាំងអស់ រួមទាំងកម្ពុជាផងកំពុងជួបប្រទះបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដូចៗគ្នា។
ក្នុងនោះដែរ តាមរយៈការស្រាវជ្រាវមួយអំពីប្រាក់ឈ្នួលអប្បបរមារបស់បណ្តាប្រទេសជាច្រើនក្នុងតំបន់សម្រាប់ឆ្នាំ២០២១ រួមមានកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា បង់ក្លាដេស ប៉ាគីស្ថាន និងស្រីលង្ការ នោះគេឃើញថាមានចំណុចវិជ្ជមានពីរសម្រាប់កម្ពុជា ជាពិសេសសម្រាប់បងប្អូនកម្មករនិយោជិតរបស់កម្ពុជាយើងតែម្តងគឺ៖
- មានតែប្រទេសកម្ពុជាប៉ុណ្ណោះ ដែលបានដាក់ចេញគោលការណ៍តម្លើងប្រាក់ឈ្នួលអប្បបរមា ២ ដុល្លារបន្ថែម ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ
- ប្រាក់ឈ្នួលអប្បបរមា ១៩២ ដុល្លារ គឺមានចំនួនច្រើនជាងគេលំដាប់ទី៣ លើសប្រទេសហ្វីលីពីន (១៤០ ដុល្លារ) វៀតណាម (១៣២ ដុល្លារ) និងមីយ៉ាន់ម៉ា (៩៩ ដុល្លារ) ផងដែរ។
*** ទិន្នន័យដែលចងក្រងមកនេះ គឺដកស្រង់ចេញពីអង្គការអន្តរជាតិខាងការងារ (ILO) និងផ្អែកទៅតាមអត្រាប្តូរប្រាក់បានពីមូលនិធីរូបិយវត្ថុអន្តរជាតិ (IMF)
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ។