សេអ៊ូល៖ កាលពីរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ បានទទួលយកញ្ញាតិស្នើសុំពីសំណាក់អ្នកតំណាងឱ្យបងប្អូនខ្មែរនៅកូរ៉េ ក្នុងការជួយអន្តរាគមន៍ ក្នុងករណីប្តីកូរ៉េ ដែលត្រូវបានចោទប្រកាន់ថាមានចេតនាសម្លាប់ប្រពន្ធខ្មែររបស់ខ្លួន ដើម្បីបានប្រាក់ធានារ៉ាប់រងនោះ។
ញ្ញាតិស្នើសុំនេះត្រូវបានរៀបចំដោយបងស្រី គីម ហានឹល និងអ្នកគ្រូ គីម ស៊ូជីន ដែលតំណាងឱ្យបងប្អូនខ្មែរនៅកូរ៉េ ហើយបានដាក់ជូនលោក ឡុង ឌីម៉ង់ ដែលជាអាណាព្យាបាលសម្រាប់ប្រជាជនខ្មែរនៅលើទឹកដីកូរ៉េទាំងអស់គ្នា។ ក្នុងខ្លឹមសារនៃញ្ញាតិស្នើសុំនោះ គឺស្នើសុំឱ្យលោកឯកអគ្គរាជទូត ជួយអន្តរាគមន៍ តវ៉ាជាមួយព្រះរាជអជ្ញា និងតុលាការកូរ៉េ ដែលបានសំរេចក្តីទៅតាមច្បាប់អោយបុរសជាស្វាមី ជាប់ទោសត្រឹមបទល្មើសច្បាប់ចរាចរណ៍ មិនជាប់ទោសពីបទឃាតកម្ម។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបានកើតឡើងនៅតំបន់ Cheonan ខេត្តឈុងឈុនខាងត្បូង (South Chungcheong Province) តាំងពីខែសីហា ឆ្នាំ២០១៤ ដែលបុរសជាប្តីកូរ៉េនេះ បានជិះរថយន្តខ្លួនទៅបុកឡានដឹកទំនិញមួយដែលចតចោលនៅសងខាងផ្លូវ នៅវេលាម៉ោង ៣:៤០ នាទីយប់ ដែលក្នុងហេតុការណ៍នោះ ប្រពន្ធរបស់គាត់ដែលជាជនជាតិខ្មែរ និងមានទម្ងន់ ៧ ខែផងនោះបានបាត់បង់ជីវិត។ បុរសជាប្តីកូរ៉េនេះបានរៀបការជាមួយនឹងប្រពន្ធរបស់ខ្លួន តាំងពីឆ្នាំ២០០៨ ដែលកាលនោះគាត់បានទិញធានារ៉ាប់រងដល់ទៅ ២៥ មុខ សម្រាប់ភរិយារបស់គាត់ ដែលសរុបមក គាត់អាចទទួលបានប្រាក់សំណងធានារ៉ាប់រងដល់ជាង ៨ លានដុល្លារអាម៉េរិក ក្នុងករណីដែលប្រពន្ធគាត់បាត់បង់ជីវិត។

បើតាមសេចក្តីសម្រេចរបស់តុលាការកំពូលក្រុងដេជុន កាលពីថ្ងៃចន្ទទី ១០ សីហា ២០២០ កន្លងមក បុរសជាប់ចោទខាងលើ ត្រូវបានលើកលែងពីបទចោទប្រកាន់មនុស្សឃាត និងកេងបន្លំធានារ៉ាប់រង ដោយសារមិនមានភស្តុតាងគ្រប់គ្រាន់។ តុលាការមិនអាចរកឃើញភស្តុតាងដែលជម្រុញឱ្យបុរសនេះព្យាយាមសម្លាប់ប្រពន្ធ ដើម្បីបានប្រាក់ធានារ៉ាប់រង ដោយសារក្នុងពេលកើតហេតុ បុរសនេះមិនមានបញ្ហាផ្នែកហិរញ្ញវត្ថុដែលត្រូវការលុយនោះទេ។ ផ្ទុយមកវិញ តុលាការសម្រេចដាក់ទោសបុរសនេះ លើការបំពានច្បាប់សុវត្ថិភាពចរាចរណ៍ប៉ុណ្ណោះ។ ក្នុងទម្ងន់ទោសនេះ តុលាការសម្រេចដាក់ទោសឱ្យជាប់ឃុំឃាំងត្រឹមពេល ២ ឆ្នាំប៉ុណ្ណោះ។

សេចក្តីសម្រេចរបស់តុលាការកូរ៉េនេះ បានធ្វើឱ្យមតិសាធារណជន ជាពិសេសប្រជាជនខ្មែរដែលរស់នៅលើទឹកដីកូរ៉េ មានការខឹងសម្បារយ៉ាងខ្លាំង។ បើតាមការលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់បងស្រី គីម ហានឹល (Haneul Kim) បានបង្ហាញពីអារម្មណ៍មិនសុខចិត្តចំពោះភាពអយុត្តិធម៌លើសាកសពស្ត្រីខ្មែរដែលបានស្លាប់ទៅ ហើយក៏ប៉ះពាល់យ៉ាងខ្លាំង ដល់អារម្មណ៍ប្រជាជនខ្មែរដែលរស់នៅប្រទេសកូរ៉េ ជាពិសេសគឺស្រ្តីខ្មែរដែលរៀបការប្តីកូរ៉េ និងយល់ឃើញថាករណីនេះជាគំរូដ៏អាក្រក់មួយដែលព្រោះតែភាពលោភលន់ចង់បានលុយដ៏ច្រើន ហ៊ានធ្វើសកម្មភាពដ៏ឃោឃៅយ៉ាងនេះទៅលើភរិយានិងកូនក្នុងផ្ទៃ។