ពន្ធលើចំណេញមូលធន ២០% នឹងអនុវត្តឆ្នាំ២០២១ លើកលែងតែចំពោះអចលនទ្រព្យ ៥ ប្រភេទនេះ ដែលមិនជាប់ពន្ធនេះទេ!!

ចាប់ពីឆ្នាំក្រោយទៅរដ្ឋបានប្រកាសថា នឹងយកពន្ធ ២០% នៃពន្ធលើចំណេញមូលធន ដែលការប្រកាសនេះធ្វើឱ្យប្រជាពលរដ្ឋជាច្រើនកំពុងតែបង្ហាញក្តីព្រួយបារម្ភចំពោះ ជាពិសេសអ្នកកំពុងដែលរកស៊ីលើវិស័យអចលនទ្រព្យនេះ។

សូមមើល៖ អ្វីទៅជាពន្ធលើចំណេញមូលធន? តោះមកដឹងលម្អិតឱ្យហើយទៅ គេចាប់អនុវត្តពីខែមករា ឆ្នាំ២០២១ ហើយ

ប៉ុន្តែការយកពន្ធលើចំណេញមូលធននេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ហើយថា៖ ការយកពន្ធលើចំណេញមូលធននេះ គឺរដ្ឋគិតពន្ធលើចំណេញមូលធន​តែក្នុង​ករណី​ប្រតិបត្តិការ​លក់​អចលនវត្ថុណា ដែលទទួល​បានប្រាក់​ចំណេញ​តែប៉ុណ្ណោះ ប៉ុន្តែបើ​ក្នុងករណី​ប្រតិបត្តិការ​លក់អចលនវត្ថុ​ណា ដែលមិន​ទទួល​បាន​ប្រាក់​ចំណេញនោះ នឹងមិន​ជាប់កាតព្វកិច្ច​ពន្ធ​នេះឡើយ។ហើយពន្ធចំណេញលើមូលធននេះត្រូវបានលើកលែងចំពោះការលក់ ឬផ្ទេរ ប្រភេទអចលនទ្រព្យ ដែលមានដូចជា៖

១- ទ្រព្យដែលកម្មសិទ្ធរបស់ស្ថាប័នរដ្ឋ
២-ទ្រព្យដែល​កម្មសិទ្ធិ​បេសកកម្ម​ការទូត​បរទេស ឬកុងស៊ុល​បរទេស និង អង្គការ​អន្តរជាតិ ឬទីភ្នាក់ងារ​ប្រតិបត្តិការ​បច្ចេកទេស នៃរដ្ឋាភិបាល​ដទៃ
៣-​និវាសដ្ឋាន​ដែលជាគោល​ដើម​របស់អ្នក​ជាប់ពន្ធ​ដែលបាន​កាន់កាប់រយៈពេល​យ៉ាងតិច៥ឆ្នាំមុនពេលលក់ ឬផ្ទេរ។ក្នុងករណីអ្នកជាប់ពន្ទមាននិវាសនដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធនិងសហព័ទ្ធមាននិវាសនដ្ឋានផ្សេងពីគ្នា និវាសនដ្ឋានតែមួយប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតជានិវាសនដ្ឋានជាគោលដើម។
៤-​អចលនទ្រព្យ​ក្នុងរង្វង់ញាតិដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែកាផ្ទេរកម្មសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត រវាងឳពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ។
៥-ទ្រព្យដែលត្រូវបានលក់ ឬផ្ទេរដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមច្បាប់ស្តីពីអស្សាមិករណ៍។

នេះបើតាម​ការពន្យល់បន្ថែម​របស់​ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឱ្យដឹងថា៖ ការកំណត់​យក​អត្រាពន្ធ​ថេរ២០​ភាគរយ​លើប្រាក់​ចំណេញ​មូលធននេះ មិនមាន​ន័យថា រដ្ឋយក​ពន្ធ២០​ភាគរយ​ពីប្រាក់​ចំណេញ​ទាំង​មូលនោះទេ ពោលគឺរដ្ឋ​យកតែ​២០ភាគរយ​នៃតម្លៃអចលនទ្រព្យ​ដែលលក់បាននោះ​ប៉ុណ្ណោះ ដើម្បីយក​គណនា​គិត​ពន្ធ​២០ភាគរយ​ ដែល​បាន​កំណត់ក្នុងច្បាប់៕

ខ្លឹមសារអត្ថបទទាំងស្រុងពី៖ ប៊ុន តារ៉ូ – Business Cambodia

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
ប្រកាសស្តីពីការយកពន្ធលើចំណេញមូលធន

Leave a Reply

Your email address will not be published. Required fields are marked *