តំបន់គ្មានកងទ័ព (DMZ) ដ៏ក្តៅគគុករវាងកូរ៉េទាំងពីរ ទទួលបានការគាំទ្រដើម្បីដាក់បញ្ចូលជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោកពីUNESCO

សេអ៊ូល៖ អង្គការ UNESCO បានបញ្ជាក់ជាថ្មីពីការគាំទ្រដល់គម្រោងផែនការរបស់កូរ៉េខាងត្បូងក្នុងការដាក់តំបន់គ្មានកងទ័ព (DMZ) ជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោក។

លោក Firmin Edouard Matoko តំណាងជាន់ខ្ពស់នៃអង្គការអន្តរជាតិ UNESCO ដែលជាអង្គការទទួលបន្ទុកលើកិច្ចការវប្បធម៌របស់អង្គការសហប្រជាជាតិ បានបញ្ជាក់នៅក្នុងសារពិសេសមួយតាមប្រព័ន្ធអនឡាញ ដោយបានលើកឡើងថា «អង្គការ UNESCO មានឆន្ទៈខ្ពស់ក្នុងការគាំទ្រការទូតបេតិកភ័ណ្ឌ ដើម្បីរួមចំណែកដល់ការកសាងសន្តិភាព ហើយសូមបញ្ជាក់ជាថ្មីថាអង្គការនេះគាំទ្រគំនិតរបស់ប្រធានាធិបតី មូន ជេអ៊ីន ដែលមានបំណងចង់សហការជាមួយភាគីកូរ៉េខាងជើង ដើម្បីដាក់បញ្ចូលតំបន់គ្មានកងទ័ព (DMZ) ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់ UNESCO»

លោក Firmin Edouard Matoko តំណាងជាន់ខ្ពស់របស់អង្គការ UNESCO

គម្រោងដាក់បញ្ចូលតំបន់គ្មានកងទ័ព (DMZ) ជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោកនេះ ជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន មូន ជេអ៊ីន ដែលបានលើកឡើងកាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ដើម្បីប្រែក្លាយតំបន់ប្រយុទ្ធដ៏ក្តៅគគុកនេះ ទៅជាតំបន់ដែលតំណាងឱ្យសន្តិភាពរបស់សាកលលោកវិញ។

តំបន់គ្មានកងទ័ព (DMZ) រវាងប្រទេសកូរ៉េទាំងពីរ

សូមបញ្ជាក់ថា តំបន់គ្មានកងទ័ព (DMZ) រវាងប្រទេសកូរ៉េទាំងពីរ កើតឡើងទៅតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកូរ៉េទាំងពីរ ក្នុងការផ្អាកនូវសង្គ្រាមកូរ៉េឆ្នាំ១៩៥៣ ដែលបានខណ្ឌចែក និងបង្កើតជាតំបន់អព្យាក្រឹតដែលគ្មានកងទ័ពនេះ។ តំបន់នេះត្រូវបានគេស្គាល់ជាខ្សែព្រំដែនខណ្ឌចែករវាងកូរ៉េទាំងពីរ ហើយក៏ជាខ្សែព្រំដែនដែលមានការយាមកាមតឹងរ៉ឹងបំផុតលើពិភពលោកផងដែរ។

សូមបញ្ជាក់ថា ចំពោះកម្ពុជា​វិញ មានសម្បត្តិបេតិកភ័ណ្ឌពិភពលោក UNESCO រូបិយដូចជា៖ តំបន់ឧទ្យានអង្គរ (១៩៩២) ប្រាសាទព្រះវិហារ (២០០៨) និងតំបន់ប្រាសាទសំបូរព្រៃគុក (២០១៧)។ ក្នុងនោះដែរ បើតាមគេហទំព័ររបស់ UNESCO កម្ពុជាយើងក៏មាននូវបេក្ខភាពសម្រាប់ចុះឈ្មោះជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោកបន្ថែមទៀតមានដូចជា៖

  • តំបន់ប្រាសាទអង្គរបុរី និងភ្នំដា (២០២០)
  • តំបន់ប្រាសាទបន្ទាយឆ្មារ (២០២០)
  • ប្រាសាទបឹងមាលា (២០២០)
  • ប្រាសាទកោះកេរ (២០២០)
  • ក្រុងឧតុង្គ (២០២០)
  • តំបន់ភ្នំគូលែន (២០២០)
  • អតីតគុកស២១ ឬគុកទួលស្លែង (២០២០)
  • តំបន់ប្រាសាទព្រះខាន់ កំពង់ស្វាយ (២០២០)
តំបន់គ្មានកងទ័ព (DMZ) ជាតំបន់ដែលមានការយាមកាមតឹងរ៉ឹងជាងគេនៅលើពិភពលោក

Leave a Reply

Your email address will not be published. Required fields are marked *