អជ្ញាធរសេអ៊ូលស្នើឱ្យរឹតបន្តឹងសេវាកម្មដឹកជញ្ជូនអាហារ ទៅសួនច្បារតាមដងទន្លេហាន ដើម្បីកាត់បន្ថយការជួបជុំ និងបង្ការហានិភ័យការឆ្លងកូវីដ

សេអ៊ូល៖ សាលាក្រុងសេអ៊ូលបានដាក់ចេញបម្រាមមិនឱ្យមានសេវាកម្មដឹកជញ្ជូនម្ហូបអាហារ ទៅកាន់សួនច្បារតាមដងទន្លេហាន ដែលក្នុងប៉ុន្មានសប្តាហ៍នេះមនុស្សជាច្រើនបាននាំគ្នាទៅសម្រាកលំហែជុំគ្នា ក្រោយពីមានវិធានគម្លាតសង្គមបិទភោជនីយដ្ឋានមួយចំនួនធំ នៅក្នុងទីក្រុងសេអ៊ូល។

អជ្ញាធរបានស្នើសុំទៅសមាគមឧស្សាហកម្មសេវាកម្មចំណីអាហារកូរ៉េ និងក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ ដើម្បីកាត់បន្ថយការបញ្ជាដឹកជញ្ជូនទៅកាន់សួននៅតាមបណ្តោយទន្លេហាន ចាប់ពីថ្ងៃទីអង្គារនេះ រហូតដល់ថ្ងៃអាទិត្យនេះ នៅពេលដែលបម្រាមវិធានការគម្លាតសង្គមនៅទីក្រុងសេអ៊ូល ត្រូវបានដកចេញវិញ។ ក្នុងនោះដែរ ហាងកាហ្វេ និងភោជនីយដ្ឋានដែលមាននៅតាមសួននាដងទន្លេហាន នឹងត្រូវបិទត្រឹមម៉ោង ៩ យប់។

បច្ចុប្បន្នប្រទេសកូរ៉េកំពុងស្ថិតក្នុងវិធានការគម្លាតសង្គមកម្រិត ២.៥ ខណៈដែលការឆ្លងនៃមេរោគកូវីដ-១៩ បានបន្តកើនឡើងជាគំហុកចាប់ពីខែសីហាមក។ សម្រាប់ទីក្រុងសេអ៊ូលដែលមានការកើនឡើងនៃការឆ្លងក្នុងរយៈពេលថ្មីៗនេះ បានដាក់ចេញនូវវិធានការដូចជា ការអនុវត្តវិធានការរឹតបន្តឹងលើប្រតិបត្តិការរបស់ហាងកាហ្វេ ហាងលក់នំប័ុង ភោជនីយដ្ឋាន ក្លឹបកម្សាន្ត នានានៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញ និងវិធានការដទៃទៀតដូចជា វិធានការផ្អាកឱ្យមានការរៀបចំកម្មវិធីសាសនាតាមព្រះវិហារសាសនា វិធានការផ្អាកការសិក្សាតាមសាលារៀន វិធានការបិទមជ្ឈមណ្ឌលចាស់ជរាពីភ្ញៀវ និងក្រុមគ្រួសារទស្សនា វិធានការរឹតបន្តឹង និងផ្អាកទីតាំងហាត់កីឡា ដូចជាទីតាំងហាត់ប្រាណ និងបុកប៊ីយ៉ែរជាដើមផងដែរ។

ទីតាំងមួយចំនួននៅតាមសួនច្បារនាដងទន្លេហាន ត្រូវបានហាមឃាត់

ការអនុវត្តវិធានការរឹតបន្តឹងនេះ បែរជាជម្រុញឱ្យប្រជាជនទីក្រុងសេអ៊ូលងាកទៅជួបជុំគ្នា លំហែកម្សាន្តកកកុញ នៅតាមសួនច្បារនៃដងទន្លេហាន ដែលមានការកើនឡើងចំនួនអ្នកទៅលំហែរហូតដល់ ៤០%ឯណោះ ប្រៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ទិដ្ឋភាពអ្នកមកលំហែកំសាន្ត នៅតាមដងទន្លេហាន
ទិដ្ឋភាពអ្នកមកលំហែកំសាន្តនៅតាមដងទន្លេហាន កាលពីពេលមិនទាន់មានការឆ្លងកូរ៉ូណា

Leave a Reply

Your email address will not be published. Required fields are marked *