ព្យុ៉ងយ៉ាង៖ ប្រធានាធិបតីចិន លោក ស៊ី ជីងពីង បានផ្ញើសារលិខិតអបអរសាទរដល់ប្រទេសកូរ៉េខាងជើង ក្នុងឱកាសខួបនៃការបង្កើតរដ្ឋកុំម្មុយនីស្តនេះឡើង បើយោងតាមការរាយការណ៍របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើងនាថ្ងៃពុធនេះ។
ក្នុងខ្លឹមសារអបអរសាទរនោះ លោកប្រធានាធិបតី ស៊ី បានលើកឡើងពីការជួយគាំទ្រគ្នាទៅវិញទៅមករវាងចិន និងកូរ៉េខាងជើង ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជាសាកលនៃជម្ងឺកូវីដ-១៩ និងបានរឹតបន្តឹងចំណងទំនាក់ទំនងរវាងរដ្ឋទាំងពីរកាន់តែជិតស្និទ្ធិថែមទៀត។ ក្នុងនោះដែរ ប្រធានាធិបតី ស៊ី ក៏បានលើកឡើងពីការផ្តល់អាទិភាពខ្ពស់ដល់ការវិវត្តនៃទំនាក់ទំនងប្រពៃណីរបស់រដ្ឋទាំងពីរ ហើយក៏បានបង្ហាញពីឆន្ទៈមោះមុតក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋទាំងពីរនេះ។
ក្នុងឱកាសនេះដែរ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏បានផ្ញើនូវសារលិខិតជូនពរដល់លោក គីម ជុងអ៊ុនផងដែរ ដោយបានលើកពីទំនាក់ទំនងស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា នៅថ្ងៃពុធនេះ ជាខួបនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លើកទី៧២ តែទោះជាយ៉ាងណាក៏ដោយនៅឆ្នាំនេះ កូរ៉េខាងជើងទំនងជានឹងមិនប្រារព្ធពិធីអបអរសាទរធំដុំនោះឡើយ។
