សេអ៊ូល៖ គិតត្រឹមរសៀលថ្ងៃចន្ទទី ៧ កញ្ញា ២០២០ នេះប្រទេសកូរ៉េខាងត្បូងនៅតែបន្តមានករណីកូវីដ-១៩ ឆ្លងថ្មីបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ដែលតួលេខសរុបមានដល់ ២១២៩៦ ករណីហើយ។
ក្នុងនោះដែរ នាពេលថ្មីៗនេះក៏មានបងប្អូនខ្មែរស្នាក់នៅតំបន់ 경기도 បានឆ្លងជម្ងឺកូវីដ-១៩ ផងដែរ។
នៅព្រឹកថ្ងៃចន្ទ ករណីឆ្លងថ្មីមានចំនួន ១១៩ ករណី ដែលក្នុងនោះមាន ១០៨ ករណីជាករណីឆ្លងក្នុងស្រុក ខណៈករណី ១១ ទៀតជាករណីនាំចូលបើយោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (KCDC) នៃក្រសួងសុខាភិបាល និងសុខុមាលភាព (MHW) នៃសាធារណរដ្ឋកូរ៉េ។
បើតាមតួលេខផ្តល់ឱ្យដោយមជ្ឈមណ្ឌលនេះ ករណីដែលកំពុងបន្តព្យាបាលមាន ៤៦៦៣ករណី ខណៈដែលករណីដែលបានជាសះស្បើយមាន ១៦២៩៧ ករណី ហើយករណីដែលបាត់បង់ជីវិតមាន ៣៣៦ ករណី។
ក្នុងចំណោមតំបន់ដែលមានការឆ្លងច្រើនមានដូចជា៖
- ថេហ្គូ ៧ ០៨៤នាក់
- សេអ៊ូល ៤ ៣៦២នាក់
- ក្យង់គីដូ ៣ ៦៥៦នាក់
- ក្យង់សាងប៊ុកដូ ១ ៤៧៥នាក់
- ប៊ូសាន ៣៤០នាក់
- ក្យង់សាងណាមដូ ២៦០នាក់
- ឆេជូដូ ៤៨នាក់
- ក្វាងចូតូច ៤២៩នាក់
- អ៊ូលសាន ១១៦នាក់
- អុីនឆន ៧៩៧នាក់
- ឆនណាម ១៥៩នាក់
- សេឆុង ៦៧នាក់
- កាំងវ័ន ២១០នាក់
- ឆុងណាម ៣៨៣នាក់
- ថេចន ២៩៨នាក់
- ឆុងបុក ១៤១នាក់
- ឆនបុក ៩១នាក់

ឆ្លើយតបទៅនឹងការបន្តកើនឡើងនេះ រដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវវិធានការតឹងរ៉ឹងជាច្រើនដូចជា នៅសេអ៊ូលបានដាក់ចេញវិធានការណ៍លើកកម្ពស់ក្នុងការរក្សាគម្លាតសុវត្ថិភាពកំរិត ២.៥ (Enhanced Level 2.5 Distancing Rules) ដែលនឹងចាប់អនុវត្តពីថ្ងៃទី ៣០ សីហា ២០២០ ដែលក្នុងនោះមានការអនុវត្តវិធានការរឹតបន្តឹងលើប្រតិបត្តិការរបស់ហាងកាហ្វេ ហាងលក់នំប័ុង ភោជនីយដ្ឋាន ក្លឹបកម្សាន្ត នានានៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញ និងវិធានការដទៃទៀតដូចជា វិធានការផ្អាកឱ្យមានការរៀបចំកម្មវិធីសាសនាតាមព្រះវិហារសាសនា វិធានការផ្អាកការសិក្សាតាមសាលារៀន វិធានការបិទមជ្ឈមណ្ឌលចាស់ជរាពីភ្ញៀវ និងក្រុមគ្រួសារទស្សនា វិធានការរឹតបន្តឹង និងផ្អាកទីតាំងហាត់កីឡា ដូចជាទីតាំងហាត់ប្រាណ និងបុកប៊ីយ៉ែរជាដើមផងដែរ។
