យោធាកូរ៉េនឹងចូលរួមផ្តល់គ្រែពេទ្យបន្ថែម រួមនឹងក្រុមគ្រូពេទ្យយោធា សម្រាប់ជួយព្យាបាលអ្នកជម្ងឺកូវីដនៅកូរ៉េដែលកើនឡើងយ៉ាងគំហុក

សេអ៊ូល៖ មន្ទីរពេទ្យយោធាមួយនៅក្បែរទីក្រុងសេអ៊ូល នឹងចាប់ផ្តើមបើកទទួលអ្នកជំងឺកូវីដស៊ីវិលធម្មតានៅក្នុងសប្តាហ៍នេះ ដើម្បីសម្រាលបន្ទុកមន្ទីរពេទ្យស៊ីវិល ក្រោយពីករណីឆ្លងនៃជម្ងឺកូវីដ-១៩ បន្តកើនឡើងគួរឱ្យបារម្ភក្នុងពេលប៉ុន្មានសប្តាហ៍នេះ។

ការទទួលយកអ្នកជម្ងឺស៊ីវិលនេះ គឺធ្វើឡើងស្របទៅតាមការស្នើសុំរបស់អជ្ញាធរសុខាភិបាលកូរ៉េ។ មន្ទីរពេទ្យយោធានៅក្នុងទីក្រុងសុងណាម ខាងត្បូងទីក្រុងសេអ៊ូល នឹងរៀបចំគ្រែចំនួន ៤០ បន្ថែមឱ្យរួចរាល់នៅថ្ងៃពុធនេះ ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដបន្ថែមទៀត ជាពិសេសអ្នកជម្ងឺដែលឈឺធ្ងន់ ហើយនឹងចាប់ផ្តើមបើកទទួលអ្នកជម្ងឺពីសប្តាហ៍ក្រោយទៅ បើតាមបញ្ជារបស់មេដឹកនាំគ្រូពេទ្យយោធា។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ គេឃើញមានករណីឆ្លងថ្មីកើនឡើងយ៉ាងគំហុក ដែលក្នុងរយៈពេល ៤ថ្ងៃចុងក្រោយមានតួលេខឆ្លងថ្មីលើសពី ២០០ នាក់រៀងរាល់ថ្ងៃ។ ក្នុងនោះដែរ អ្នកជម្ងឺដែលមានសភាពធ្ងន់ធ្ងរ បានកើនឡើងដល់ ១៦៣ នាក់។ ដូចនេះ អជ្ញាធរសុខាភិបាលកំពុងព្រួយបារម្ភលើការខ្វះខាតចំនួនគ្រែ និងទីតាំងសម្រាប់ព្យាបាលអ្នកជម្ងឺ ព្រមទាំងធនធានគ្រូពេទ្យដើម្បីពិនិត្យ និងថែទាំអ្នកជម្ងឺផងដែរ ដែលជំរុញឱ្យត្រូវរកធនធានបន្ថែមមកគំាទ្រពីសំណាក់ក្រុមគ្រូពេទ្យយោធា។

គិតត្រឹមថ្ងៃចន្ទនេះ​ ចំនួនអ្នកឆ្លងថ្មីមាន១១៩ករណី ដែលនាំឱ្យករណីសរុបមានដល់ ២១២៩៦ ករណី។

 

Leave a Reply

Your email address will not be published. Required fields are marked *