កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េប្រកាសកម្រិតអាសន្នសម្រាប់ព្យុះទីហ្វុង «ហៃសាន» ដល់កម្រិតខ្ពស់ជាងគេបង្អស់នៅថ្ងៃអាទិត្យនេះ ស្របពេលដែលព្យុះនេះត្រូវបានព្យាករណ៍ថានឹងមកដល់ដែនទឹកក្បែរកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ។
អជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់កូរ៉េបានតម្លើងកម្រិតប្រកាសអាសន្នដល់កម្រិតទី៤ កាលពីម៉ោង ៧ ល្ងាចថ្ងៃអាទិត្យនេះ ជាពិសេសនៅកោះជេជូ ទីក្រុងប៊ូសាន អ៊ុលសាន និងខេត្តឃ្យ៉ុងសាងខាងត្បូង និងខាងជើង ខេត្តហ្គាងវ៉ុន និងខេត្តចូឡាខាងត្បូង ដែលប្រជាជនភាគច្រើននៅតាមតំបន់ឆ្នេរសមុទ្រ លំនៅស្ថានដែលនៅក្បែរប្រភពទឹក ទន្លេ ឬនៅក្បែរភ្នំដែលងាយនឹងរងគ្រោះដោយការរអិលបាក់ដីជាដើម។
ក្នុងនោះដែរ អជ្ញាធរក៏បានដាក់ចេញវិធានការសុវត្ថិភាពផ្សេងៗដូចជា ការតម្រូវឱ្យក្រុមហ៊ុននានាអនុញ្ញាតឱ្យម៉ោងបំពេញការងារនៅថ្ងៃចន្ទស្អែក អាចបត់បែនបានទៅតាមស្ថានភាពជាក់ស្តែងនៃឥទ្ធិពលខ្យល់ព្យុះទីហ្វុងផងដែរ។
បើតាមការព្យាករណ៍ ព្យុះនេះនឹងអាចមកដល់ដែនទឹក ២៧០ គីឡូម៉ែត្រខាងកើតទីក្រុង Seogwipo នៃកោះជេជូ ប្រហែលនៅម៉ោង ៣ ព្រឹកថ្ងៃចន្ទ និងមកដល់ដែនទឹកប្រហែល ៧០ គីឡូម៉ែត្រ ខាងជើងឈៀងខាងកើតទីក្រុងប៊ូសាន ប្រហែលម៉ោង ៩ ព្រឹកថ្ងៃចន្ទ បន្ទាប់មកទៅដល់ដែនទឹក ៧០ គីឡូម៉ែត្រខាងជើងឈៀងខាងកើតខេត្តហ្គាងវ៉ុន (Gagnwon) ប្រហែលនៅម៉ោង ៣រសៀលថ្ងៃចន្ទ ហើយបន្តផុតទៅដល់ប្រទេសកូរ៉េខាងជើងនៅម៉ោង ៩ យប់ថ្ងៃចន្ទដដែល មុននឹងដល់ទិសដៅចុងក្រោយនៅក្នុងប្រទេសរុស្ស៊ី។
ជាវិធានការឆ្លើយតបនឹងព្យុះនេះ កាលវិភាគរត់របស់រថភ្លើងល្បឿនលឿនមួយចំនួនមកកាន់តំបន់ដែលអាចនឹងប៉ះពាល់ ត្រូវបានផ្អាក និងពន្យារពេលបណ្តោះអាសន្ន។ ក្នុងនោះដែរ ជើងហោះហើរចំនួន ១៧ ទៅនិងមកពីកោះជេជូ ក៏ត្រូវបានផ្អាកសម្រាប់ថ្ងៃចន្ទស្អែកផងដែរ។
ប្រធានាធិបតីកូរ៉េ លោក មូន ជេអ៊ីន បានណែនាំឱ្យរដ្ឋាភិបាលតាមតំបន់ និងតាមខេត្តនីមួយៗត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ និងពេញលក្ខណៈដើម្បីការពារ និងទប់ស្កាត់ផលប៉ះពាល់នានាពីព្យុះទីហ្វុងទី១០ ប្រចាំឆ្នាំនេះ ដោយផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋជាធំ។