សេអ៊ូល៖ សិស្សសាលានៅក្នុងទីក្រុងសេអ៊ូល និងនៅតំបន់ជុំវិញ នឹងត្រូវបន្តការសិក្សាតាមប្រព័ន្ធអនឡាញរហូតដល់ថ្ងៃទី ២០ កញ្ញា បើតាមការប្រកាសថ្មីរបស់ក្រសួងអប់រំកូរ៉េ កាលពីថ្ងៃទី ០៤ កញ្ញា ២០២០។
ការប្រកាសបន្តការសិក្សាតាមប្រព័ន្ធអនឡាញនេះ ស្របទៅនឹងវិធានការរបស់រដ្ឋាភិបាលក្នុងការរឹតបន្តឹងវិធានការគម្លាតសង្គមដល់កម្រិត ២.៥ ដើម្បីឆ្លើយតបទៅនឹងការបន្តឆ្លងកូវីដ-១៩ ជាសហគមន៍ក្នុងតំបន់ប្រជុំជនទីក្រុងសេអ៊ូល និងតំបន់ជុំវិញ ដែលបន្តមានការកើនឡើងគួរឱ្យកត់សម្គាល់ នាពេលថ្មីៗនេះ។

ក្នុងវិធានការគម្លាតសង្គមដល់កម្រិត ២.៥ នេះ ក៏មានរួមបញ្ចូលការរឹតបន្តឹងលើប្រតិបត្តិការពាណិជ្ជកម្មផ្សេងៗ ដូចជាហាងកាហ្វេ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណជាដើមផងដែរ។
ស្របពេលជាមួយគ្នានេះដែរ នៅតំបន់ផ្សេងទៀតក្រៅពីតំបន់ទីប្រជុំជនជុំវិញទីក្រុងសេអ៊ូល សាលារៀនមួយចំនួនក៏មានការអនុវត្តការបង្រៀនតាមប្រព័ន្ធអនឡាញ ទៅតាមស្ថានភាពជាក់ស្តែង រហូតដល់ថ្ងៃទី ២០ កញ្ញាផងដែរ ហើយការបង្រៀនផ្ទាល់នៅតាមថ្នាក់ ត្រូវកាត់បន្ថយមកត្រឹមចំនួន ១/៣ នៃចំនួនសិស្សសរុបប៉ុណ្ណោះ។

កន្លងមក ក្រសួងអប់រំកូរ៉េបានប្រកាសថា សិស្សសាលានៅក្នុងតំបន់សេអ៊ូល អ៊ីនឆន់ ក្យុងគីដូ នឹងត្រូវធ្វើការសិក្សាតាមប្រព័ន្ធអនឡាញពីផ្ទះវិញ ជំនួសឱ្យការរៀនក្នុងថ្នាក់ រហូតដល់ថ្ងៃទី ១១ កញ្ញា។
គិតត្រឹមថ្ងៃសុក្រម្សិលមិញ មានសាលារៀនទូទាំងប្រទេសចំនួន ៨២៥២ សាលា បានផ្អាកការសិក្សាផ្ទាល់នៅក្នុងថ្នាក់ ដើម្បីការពារសិស្សពីហានិភ័យនៃការឆ្លងមេរោគកូរ៉ូណានេះ។
សូមបញ្ជាក់ថា ចាប់ពីរដ្ឋាភិបាលកូរ៉េប្រកាសបើកសាលារៀនវិញទូទាំងប្រទេស តាំងពីថ្ងៃទី ២០ ឧសភាកន្លងមក ចំនួនករណីឆ្លងថ្មីសម្រាប់សិស្សមានដល់ ៤៥០ ករណី ហើយសម្រាប់បុគ្គលិករបស់សាលារៀនមានដល់ ១០៣ ករណីផងដែរ។

