សពពលករខ្មែរខុសច្បាប់ ១ រូប ដែលស្លាប់ដោយជំងឺសួតធ្ងន់ធ្ងរ ទទួលបានការជួយសម្រួលឯកសារ និងបូជាសពពីក្រុមការងារស្ថានទូតខ្មែរនៅកូរ៉េ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៣ កញ្ញា ២០២០នេះ ក្រុមការងារទីប្រឹក្សាទទួលបន្ទុករបស់ស្ថានទូតកម្ពុជា បានតំណាងឯកអគ្គរាជទូត ចុះសម្របសម្រួលឯកសារ និងបូជាសពពលករខ្មែរខុសច្បាប់ផ្នែកសំណង់ ដែលបា​នទទួលមរណភាពកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅតំបន់អឺមសង។

ក្នុងទំព័រហ្វេសប៊ុករបស់ទីប្រឹក្សាទទួលបន្ទុកពលករនៅកូរ៉េ បានបញ្ជាក់ថា លទ្ធផលនៃកោសល្យវិច្ច័យបង្ហាញថា ពលករខុសច្បាប់ដែលស្លាប់នោះ គឺដោយសារជំងឺសួតធ្ងន់ធ្ងរ ដែលបានកើតយូរមកហើយ តែមិនព្រមព្យាបាល។ ក្នុងនោះដែរ ក្រុមការងារទីប្រឹក្សាពលករ ក៏បានផ្តាំផ្ញើទៅបងប្អូនពលករ ពលការិនីទាំងអស់គ្នា ត្រូវតែទៅមន្ទីរពេទ្យជាដាច់ខាត នៅពេលបងប្អូនមិនស្រួលខ្លួន បើដឹងថាមានជំងឺ​ត្រូវតែឆាប់ព្យាបាល កុំអាក់ខានឱ្យសោះ!

ក្រុមការងារក៏បានសូមថ្លែងអំណរគុណដល់ព្រះតេជគុណ រិន សារូ ​ដែលតែងតែសហការល្អជាមួយស្ថានទូតក្នុងការជួយដល់បងប្អូនខ្មែរនៅកូរ៉េ និងសូមអរគុណដល់ប្អូនប្រុស កង វង្សសិទ្ធិ ដែលបា​នជួយជាតំណាងគ្រួសារសព​ដើម្បីចាត់ចែងបូជាសពទោះបីមិនមែនជាសាច់ញាតិក៏ដោយ ក្នុងស្មារតីខ្មែរជួយខ្មែរនិងខ្មែរស្រលាញ់ខ្មែរ។

Leave a Reply

Your email address will not be published. Required fields are marked *