ទើបនឹងរួចមួយ ឥឡូវមកមួយទៀតហើយ! ព្យុះទីហ្វុងថ្មីមួយទៀត «ហៃសេន» អាចនឹងបក់ឆ្លងកាត់កូរ៉េខាងត្បូងនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ

កូរ៉េខាងត្បូង៖ ព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះថា «Haishen» ដែលជាព្យុះទីហ្វុងទី១០ ក្នុងឆ្នាំនេះ ត្រូវបានព្យាករណ៍ថានឹងមកដល់កូរ៉េខាងត្បូងជាថ្មី នៅដើមសប្តាហ៍ក្រោយ បើតាមការព្យាករណ៍របស់រដ្ឋបាលឧតុនិយមកូរ៉េ។

ព្យុះទីហ្វុង «Haishen – ហៃសេន» នេះកំពុងនៅក្នុងដែនទឹកក្បែរ ភាគអាគ្នេយ៍នៃប្រជុំកោះអូគីណាវ៉ា នៅម៉ោង ៩ ព្រឹកថ្ងៃសុក្រនេះ ហើយមានល្បឿនអតិបរមាដល់ ៤៩ ម៉ែត្រក្នុងមួយវិនាទី។ ព្យុះនេះនឹងបន្តដំណើរមកដល់ក្បែរដែនទឹករបស់កូរ៉េខាងត្បូង ក្បែរកោះជេជូ នៅព្រឹកព្រលឹមថ្ងៃចន្ទសប្តាហ៍ក្រោយ មុននឹងបន្តដំណើរទៅកាន់ឆ្នេរភាគខាងត្បូងប្រទេសនៅពេលរសៀលថ្ងៃចន្ទដដែលនោះ។

រដ្ឋបាលឧតុនិយមកូរ៉េបានបញ្ជាក់ថា កោះជេជូនឹងទទួលរងឥទ្ធិពលដោយផ្ទាល់ពីព្យុះទីហ្វុងនេះ ចាប់ពីថ្ងៃអាទិត្យទៅ ហើយព្យុះនេះត្រូវបានព្យាករណ៍ថានឹងបន្តទៅក្បែរទីក្រុងសេអ៊ូល ឬនៅតំបន់ប្រហែល ៨០ គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ប្រហែលម៉ោង ៩ យប់ថ្ងៃចន្ទដដែលនោះ។

យ៉ាងណាមិញ ក្រុមជំនាញឧតុនិយមកំពុងបន្តពិនិត្យផ្លូវរបស់ព្យុះទីហ្វុងហៃសេននេះ ដោយសារវាអាចមានការផ្លាស់ប្តូរ អាស្រ័យថាតើព្យុះនេះនឹងឆ្លងកាត់ប្រទេសជ​ប៉ុនដូចម្តេចសិន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ កូរ៉េខាងត្បូងបានបន្តរងឥទ្ធិពលពីព្យុះទីហ្វុងចំនួន ២ ទៅហើយ មានព្យុះទីហ្វុង បាវី និងព្យុះទីហ្វុង ម៉ៃសាក់ ដែលបានបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ ការជន់លិច ការផ្អាកជើងហោះហើរ ក៏ដូចជាការបាត់បង់ជីវិតប្រជាជនមួយចំនួនផងដែរ។

រូបភាពពីផ្កាយរណប បង្ហាញពីទិដ្ឋភាពនៃខ្យល់ព្យុះទីហ្វុង ហៃសេន នៅក្បែរដែនទឹកប្រទេសជប៉ុន

ដើមឈើរលំទាំងស្រុង ក្រោមឥទ្ធិពលខ្យល់ព្យុះទីហ្វុង ម៉ៃសាក់ ក្នុងសប្តាហ៍នេះ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *