«ម៉ៃសាក់» បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ រាប់ពាន់នាក់ត្រូវជម្លៀសខ្លួននៅកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើងរងការលិចលង់ខ្លាំងនៅភាគខាងកើតប្រទេស

កូរ៉េខាងត្បូង៖ ព្យុះទីហ្វុង «ម៉ៃសាក់» បានបោកបក់ដល់ទឹកដីឧបទ្វីបកូរ៉េហើយ គិតត្រឹមថ្ងៃព្រហស្បត្តិ៍នេះ ដែលក្នុងនោះមាន​មនុស្សម្នាក់បាត់បង់ជីវិត ព្រមទាំងប្រជាជនមួយចំនួនទៀតត្រូវបង្ខំចិត្តជម្លៀសចិត្តពីផ្ទះសម្បែងរបស់ខ្លួន។

រដ្ឋបាលឧតុនិយមកូរ៉េ បានរាយការណ៍ថាព្យុះទីហ្វុង «មៃ៉សាក់» ដែលជាព្យុះទីហ្វុងទី៩ ក្នុងឆ្នាំនេះ បាននាំយកមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង រួមនឹងកម្លាំងល្បឿនខ្យល់ដល់ទៅ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ គិតត្រឹមព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ព្យុះនេះបាននាំឱ្យមនុស្សម្នាក់បាត់បង់ជីវិត ដែលជាស្រ្តីចំណាស់ក្នុងវ័យ៦០ឆ្នាំ ខណៈដែលប្រជាជន ២២ នាក់ទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន ដែលបានខូចខាតដោយសារតែខ្យល់ព្យុះនេះ នៅខេត្តហ្គាងវ៉ុន កោះជេជូ ខេត្តឃ្យ៉ុងសាងខាងត្បូង និងប៊ូសាន។

ដើមឈើបាក់ នៅតាមផ្លូវនាទីក្រុងប៊ូសាន ដោយសារឥទ្ធិពលនៃព្យុះទីហ្វុងម៉ៃសាក់
ជំនន់ទឹកភ្លៀងបណ្តាលមកពីព្យុះទីហ្វុង នៅក្នុងទីប្រជុំជនមួយ ក្នុងប្រទេសកូរ់េខាងត្បូង

ក្នុងនោះដែរ ប្រជាជនរាប់ពាន់នាក់ទៀត ត្រូវបានជម្លៀសចេញពីផ្ទះរបស់ខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការពីគ្រោះថ្នាក់បង្កដោយព្យុះទីហ្វុង «ម៉ៃសាក់» នេះ។ មានការរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិ យានយន្ត ដើមឈើ ដល់ជាង ៨០០ករណីទូទាំងប្រទេស។

ខណៈដែលព្យុះនេះបាននាំមកនូវផលប៉ះពាល់ដល់ប្រទេសកូរ៉េខាងត្បូង ប្រទេសកូរ៉េខាងជើងឯណោះវិញ ហាក់រងគ្រោះដោយទឹកជំនន់បណ្តាលពីព្យុះទីហ្វុងនេះក្នុងកម្រិតធ្ងន់ធ្ងរជាង។ បើតាមការរាយការណ៍េពីសារព័ត៌មានរដ្ឋរបស់ក្រុងព្យ៉ុងយ៉ាង ព្យុះនេះបាននាំឱ្យទឹកជំនន់ជន់លិចភាគខាងកើតនៃកូរ៉េខាងជើង ដែលជាខេត្តនៅតាមឆ្នេរសមុទ្រ និងមានការរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ។

ទិដ្ឋភាពលិចលង់នៅតំបន់ភាគខាងកើតនៃប្រទេសកូរ៉េខាងជើង ដោយសារឥទ្ធិពលព្យុះទីហ្វុងម៉ៃសាក់

Leave a Reply

Your email address will not be published. Required fields are marked *