សេអ៊ូល៖ ក្រុមគ្រូពេទ្យយោធា ត្រូវបានបញ្ជូនឱ្យមកជួយនៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុងសេអ៊ូល ដើម្បីឆ្លើយតបទៅនឹងចំនួនកើនឡើងយ៉ាងរហ័សនៃអ្នកជម្ងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ក្រុមគ្រូពេទ្យយោធា ២២ នាក់ ត្រូវបានចាត់ឱ្យទៅបម្រើការតាមមន្ទីរពេទ្យចំនួន ៩ ដើម្បីជួយក្នុងការព្យាបាលអ្នកជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះទៅ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ថារដ្ឋាភិបាលកូរ៉េបានស្នើសុំសមាសភាពគ្រូពេទ្យយោធាដល់ទៅ ៥៣ នាក់ ដែលក្រសួងការពារកំពុងពិនិត្យលទ្ធភាពគាំទ្របន្ថែមទៀត។
ក្នុងនោះដែរ ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះទៅ មន្ទីរពេទ្យយោធានៅទីក្រុងសេអ៊ូលក៏ចាប់ផ្តើមទទួលអ្នកជម្ងឺកូវីដ-១៩ សភាពធ្ងន់ធ្ងរផងដែរ ដែលមានគ្រូពេទ្យ និងគិលានុបដ្ឋយិកា ៦៨ នាក់ប្រចាំការ ហើយកំពុងពិភាក្សាលើការបង្កើនចំនួនគ្រែពេទ្យបន្ថែមទៀត ទៅតាមតម្រូវការផងដែរ។ កន្លងមក ក្រសួងការពារជាតិ ក៏បានបញ្ជូនក្រុមគ្រូពេទ្យយោធាខ្លួន ២៤ នាក់ផ្សេងទៀតទៅមណ្ឌលចត្តាឡីស័កនៅព្រលានយន្តហោះអន្តរជាតិអ៊ីនឆន់។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ គេឃើញថាមានករណីឆ្លងថ្មីលក្ខណៈសហគមន៍ជាច្រើនរយនាក់ ជារៀងរាល់ថ្ងៃ ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង។ ជាវិធានការឆ្លើយតប ទីក្រុងសេអ៊ូល និងតំបន់ជុំវិញបានអនុវត្តវិធានការរឹតបន្តឹងសកម្មភាពអាជីវកម្មតាមហាង ភោជនីយដ្ឋាន និងពង្រឹងការអនុវត្តវិធានការគម្លាតសង្គម និងការពាក់ម៉ាស់ជាប់ជានិច្ចតាមទីសាធារណៈផងដែរ។
បច្ចុប្បន្នប្រទេសកូរ៉េ បានប្រកាសដាក់ប្រទេសខ្លួនក្នុងវិធានការគម្លាតសង្គមកម្រិតទី ២ ហើយ ហើយប្រសិនបើបញ្ហាប្រឈមនៅតែកើនឡើងបន្តខ្លាំងទៀតនោះ រដ្ឋាភិបាលអាចនឹងពិចារណាដាក់ប្រទេសខ្លួនក្នុងវិធានការគម្លាតសង្គមកម្រិតទី ៣ ដែលជាកម្រិតចុងក្រោយ និងតឹងរ៉ឹងបំផុត។
នៅព្រឹកថ្ងៃពុធនេះ មានករណីឆ្លងថ្មី ២៦៧ ករណី ដែលក្នុងនោះមាន ១០១ ករណីនៅក្នុងទីក្រុងសេអ៊ូល។