គ្រោះថ្នាក់ចរាចរមួយរវាងរថយន្ត ជិះទៅបុករថពាសដែករបស់យោធាអាម៉េរិក បណ្តាលឱ្យជនជាតិកូរេ៉ ៤នាក់បាត់បង់ជីវិត

កូរ៉េខាងត្បូង៖ ជនជាតិកូរ៉េខាងត្បូង ៤ នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងរថពាសដែករបស់កងទ័ពអាម៉េរិក នៅទីក្រុង Pocheon ខាងជើងទីក្រុងសេអ៊ូលកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។

បុរសនិងស្រ្តី ៤នាក់ ដែលជិះក្នុងឡានមួយគ្រឿង បានជិះទៅបុកពីក្រោយរថពាសដែករបស់កងទ័ពអាម៉េរិកនៅវេលាម៉ោង ៩:៣០នាទីយប់ថ្ងៃអាទិត្យទី ៣០ សីហា ម្សិលមិញ។ ជនរងគ្រោះដែលនៅក្នុងរថយន្តបានបាត់បង់ជីវិតទាំង ៤នាក់ក្រោយពីបានបញ្ជូនទៅមន្ទីរពេទ្យ និងទទួលការសង្គ្រោះបឋម CPR រួចមក។ ក្នុងនោះដែរ ទាហានអាម៉េរិក ១រូបក៏រងរបួសផងដែរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្នុងហេតុការណ៍នោះ រថយន្ត SUV របស់ជនជាតិកូរ៉េបានខូចខាតទាំងស្រុង ខណៈរថពាសដែកមានការខូចខាតផ្នែកខាងក្រោយដែលត្រូវបានបុក។ នៅក្នុងខណៈពេលនៃគ្រោះថ្នាក់ចរាចរណ៍ រថពាសដែកកំពុងត្រូវបានបើកចូលទៅកាន់ទីតាំងបន្ទាយទាហាននៅតំបន់ Cheorwon ខេត្ត Gangwon ក្រោយពីបានធ្វើសមយុទ្ធយោធារួចរាល់ហើយ បើតាមការរាយការណ៍របស់ប៉ូលីសកូរ៉េ។ ប៉ូលីសបានលើកឡើងថា ផ្លូវនេះជាផ្លូវដែលកងទ័ពអាម៉េរិក ប្រើសម្រាប់បើករថពាសដែក និងយានជំនិះរបស់មូលដ្ឋានយោធានៅក្បែរៗនោះផងដែរ ហើយប៉ូលីសកំពុងបន្តស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរណ៍នេះបន្តទៀត។

លោកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកូរ៉េ បានបង្ហោះសារតាមគណនី Twitter របស់ខ្លួនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់នេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *