ព្យុះទីហ្វុងថ្មីមួយទៀត «ម៉ៃសាក់» ព្យាករណ៍ថានឹងមកដល់ឧបទ្វីបកូរ៉េ នៅម្តុំប៊ូសាន នាថ្ងៃព្រហស្បត្តិ៍សប្តាហ៍ក្រោយ

កូរ៉េខាងត្បូង៖ ព្យុះទីហ្វុងថ្មី «ម៉ៃសាក់ – Maysak» នឹងបោកបក់មកដល់ឧបទ្វីបកូរ៉េនៅសប្តាហ៍ក្រោយ អាចនឹងជះឥទ្ធិពលផ្ទាល់នៅក្បែរប៊ូសាន និងទីក្រុងសមុទ្រនៅក្បែរៗនោះផងដែរ បើតាមអជ្ញាធរឧតុនិយមកូរ៉េ។

ព្យុះទីហ្វុង​ «ម៉ៃសាក់» នេះជាព្យុះទីហ្វុងទី ៩ ក្នុងឆ្នាំនេះ បានចាប់ផ្តើមកកើតឡើងចេញពីដែនទឹកប្រទេសហ្វីលីពីន ហើយបន្តបោកបក់មកទិសខាងជើង ឡើងដល់ក្បែរសមុទ្រនៃឧបទ្វីបកូរ៉េ និងជប៉ុន។ បើតាមរដ្ឋបាលឧតុនិយមកូរ៉េ ព្យុះទីហ្វុងនេះ មានល្បឿនខ្យល់បក់ប្រហែល ៣២ម៉ែត្រក្នុងមួយវិនាទី ហើយអាចនឹងមកដល់ក្បែរទីក្រុងប៊ូសាន នៅព្រលឹមថ្ងៃព្រហស្បត្តិ៍សប្តាហ៍ក្រោយនេះ។

បន្ទាប់មក ព្យុះទីហ្វុងនេះនឹងបន្តដំណើរទៅខាងជើង ឆ្លងកាត់ទីក្រុងមួយចំនួនរបស់កូរ៉េខាងត្បូងដូចជា ទីក្រុងអ៊ុលសាន (Ulsan) ទីក្រុងឃ្យ៉ុងជូ (Gyeongju) និងប៉ូហាំង (Pohang) នៅថ្ងៃព្រហស្បត្តិ៍ដដែល។ ព្យុះនេះរំពឹងថាចុះថមថយឥទ្ធិពល និងរលាយខ្លួនបាត់ នៅពេលឈានចូលទឹកដីរុស្ស៊ីនៅភាគខាងជើង ក្បែរទីក្រុងវ្លាឌីវ៉ូស្តុក (Vladivostock) នៅថ្ងៃសុក្រពេលព្រឹក។

បើតាមរដ្ឋបាលឧតុនិយមកូរ៉េ បើទោះជាព្យុះនេះមានឥទ្ធិពលកម្លាំងខ្យល់ខ្សោយ វាក៏អាចនឹងវិវត្តទៅជាព្យុះខ្លាំងដែលមានកម្លាំងល្បឿនខ្យល់ដល់ ៣៧ ម៉ែត្រក្នុងមួយវិនាទី ឬឡើងដល់ ៤៩ម៉ែត្រក្នុងមួយវិនាទី នៅតាមផ្លូវធ្វើដំណើររបស់វាផងដែរ។ យ៉ាងណាមិញ នៅពេលដែលវាបោកបក់មកដល់ក្បែរឧបទ្វីបកូរ៉េ វានឹងចុះខ្សោយកម្លាំងបណ្តើរៗទៅហើយ។

បើតាមការព្យាករណ៍ ព្យុះនេះនឹងនាំមកនូវភ្លៀងធ្លាក់នៅខេត្តចូឡា និងកោះជេជូចាប់ពីថ្ងៃអង្គារទៅ និងអាចនឹងធ្វើឱ្យមានភ្លៀងធ្លាក់ទូទាំងប្រទេសកូរ៉េនៅពីរថ្ងៃបន្ទាប់ទៀត។

ដូចនេះ សូមបងប្អូនខ្មែរទាំងឡាយ ត្រៀមខ្លួន និងប្រុងប្រយ័ត្នគ្រប់ពេលវេលាផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *