សេអ៊ូល៖ នៅថ្ងៃអាទិត្យនេះ ទីក្រុងសេអ៊ូលចាប់ផ្តើមអនុវត្តវិធានការតឹងរ៉ឹងលើប្រតិបត្តិការរបស់ហាងកាហ្វេ ហាងលក់នំប័ុង ភោជនីយដ្ឋាន ក្លឹបកម្សាន្ត នានានៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។
វិធានការតឹងរ៉ឹងនេះ ត្រូវបានគេដាក់ឈ្មោះថា «សប្តាហ៍នៃការនៅមួយកន្លែង» ដែលត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃអាទិត្យនេះ ដល់ថ្ងៃអាទិត្យសប្តាហ៍ក្រោយ។ ក្នុងវិធានការនេះ គ្រប់ភោជនីយដ្ឋាន និងហាងនំប័ុង ត្រូវបើកបានដល់ម៉ោង ៩ យប់ ហើយចាប់ពីម៉ោង ៩ យប់ដល់ម៉ោង ៥ព្រឹក មានតែការកុម្មង់យកចេញ ឬការកុម្មង់តាមការដឹកជញ្ជូនប៉ុណ្ណោះដែលអាចអនុញ្ញាតឱ្យបាន។ សម្រាប់ហាងកាហ្វេវិញ មានតែការកុម្មង់យកចេញ ឬការកុម្មង់តាមការដឹកជញ្ជូនប៉ុណ្ណោះ ដែលអាចអនុញ្ញាតបាន ដោយសារតែមានករណីឆ្លងជាច្រើនកើតចេញពីក្នុងទីតាំងហាងកាហ្វេផ្ទាល់។
ក្នុងនោះដែរ សម្រាប់អ្នកដែលចូលទៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ ដើម្បីញ៉ាំ ឬកុម្មង់យកចេញ ត្រូវអនុវត្តទៅតាមវិធានការអនាម័យឱ្យបានត្រឹមត្រូវ និងវិធានការគម្លាតសង្គមដទៃទៀត។

វិធានការនេះត្រូវបានគេមើលឃើញថាជាវិធានការគម្លាតសង្គមកម្រិតទី ២.៥ ក្រោយពីរដ្ឋាភិបាលនៅបន្តស្ទាក់ស្ទើរក្នុងការឈានជើងចូលដល់កម្រិតទី៣ ដែលជាកម្រិតតឹងតែងបំផុតនោះ ដោយមើលឃើញពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គម។
ក្នុងចំណោមវិធានការដទៃទៀតដែលគេសង្កេតឃើញ មានវិធានការផ្អាកឱ្យមានការរៀបចំកម្មវិធីសាសនាតាមព្រះវិហារសាសនា វិធានការផ្អាកការសិក្សាតាមសាលារៀន វិធានការបិទមជ្ឈមណ្ឌលចាស់ជរាពីភ្ញៀវ និងក្រុមគ្រួសារទស្សនា វិធានការរឹតបន្តឹង និងផ្អាកទីតាំងហាត់កីឡា ដូចជាទីតាំងហាត់ប្រាណ និងបុកប៊ីយ៉ែរជាដើមផងដែរ។

នៅថ្ងៃអាទិត្យនេះ គេរកឃើញករណីឆ្ងងថ្មីដល់ ២៩៩ ករណី ដែលក្នុងនោះ ២០៣ ករណីគឺមានប្រភពចេញពីទីក្រុងសេអ៊ូល និងតំបន់ជុំវិញ ដែលជាកត្តាជម្រុញឱ្យមានវិធានការតឹងរ៉ឹងត្រូវដាក់ចេញឱ្យអនុវត្តបន្តបន្ទាប់។ បច្ចុប្បន្ន ករណីឆ្លងកូវីដ-១៩ មានដល់ ១៩៦៩៩ ករណីហើយ។
